បណ្តាញសង្គម

តុលាការសម្រេចឃុំខ្លួន បុរសជាបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុនកាំមីនតែល ពាក់ព័ន្ធរឿងរំលោភប្អូនស្រីសង្សារអាយុ១៤ឆ្នាំ

(ភ្នំពេញ)៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ជា បុគ្គលិកជាន់ខ្ពស់ ប្រធានក្រុមហ៊ុន កាំមីនតែល ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿង រំលោភក្មេងស្រីអាយុ១៤ឆ្នាំ។

ការសម្រេចឃុំខ្លួនជនត្រូវចោទនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់លើ ឈ្មោះ ឡេង ផៃលីនសាន ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន កាំមីនតែល មានទីលំនៅផ្ទះលេខ២៥ ផ្លូវលេខ២៨ ភូមិវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ប្រព្រឹត្តកាលពីយប់ថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២៣៩ និងមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួន ជនត្រូវចោទខាងលើ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់នារីរងគ្រោះ និងបងស្រីដោយអះអាងថា ឈ្មោះ ឡេង ផៃលីនសាន បានចាប់រំលោភជនរងគ្រោះ បាន២ដង នៅគ្រាដែល បងស្រីនាងមិននៅផ្ទះ៕

ដកស្រង់ពី៖FRESH NEWS