បណ្តាញសង្គម

កម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបគ្រឿងញៀននៅស្រុកកងមាស២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន

(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញស្រុកកងមាស ព្រៃឈរ និងជើងព្រៃ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសនូវសារធាតុញៀន០២ករណី នៅស្រុកកងមាស។

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី ១៖ឈ្មោះ ស្រូយ កាលីន អាយុ២៣ឆ្នាំ នៅភូមិពាមជីកង ឃុំពាមជីកាង ស្រុកកងមាស, ទី២៖ឈ្មោះ យូ ខាំមីន ហៅ ពាង អាយុ១៨ឆ្នាំ នៅភូមិសំបួរមាស (ក) ឃុំពាមជីកង ស្រុកកងមាស និងទី ៣៖ឈ្មោះ យ៉េន សុជាតិ អាយុ២៦ឆ្នាំ នៅភូមិត្រស់ ឃុំបល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងនោះកម្លាំងជំនាញ ដកហូតបាន ម្សៅក្រាមពណ៌ស១៣កញ្ចប់ ទូរស័ព្ទដៃ០៤គ្រឿង ម៉ូតូ០១គ្រឿង និងឧបករណ៍សេពមួយសម្រាប់។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS