បណ្តាញសង្គម

ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់ ត្រូវចោរឆក់កាបូប, កម្លាំងនគរបាលតាមបង្ក្រាបបាន និងដកហូតកាំភ្លើង១ដើម

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង នៃអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ) រហូតទាល់តែបានសម្រេច ពីជនរងគ្រោះជាប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ដោយចាប់យកវត្ថុតាងបានមួយចំនួន ដូចជា៖ អាវុធខ្លីមួយដើមម៉ាក GLOCK១៩ លេខ KPX ៥៣៤ ពណ៌ខ្មៅ ផលិតនៅប្រទេសអូទ្រីស បង់ចំនួន២ គ្រាប់ចំនួន១៥គ្រាប់ កាបូបដៃ ពណ៌ខ្មៅម៉ាក gold lion ចំនួន១ និងម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌សលាយខៀវ ឆ្នាំផលិតឆ្នាំ២០១៨ ផងដែរ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងថា ការតាមស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាចោរឆក់ ខាងលើនេះដែរ បានប្រតិបត្តិការឡើងនៅត្រង់ចំណុចស្តារម៉ាត ក្នុងស្ថានីយ៍ប្រេងឥន្ធនៈតេលា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នាវេលាម៉ោង២៣៖០០នាទី ដែលបានធ្វើសកម្មភាព ក្នុងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) របស់ជនរងគ្រោះតាមដងផ្លូវសាធារណៈ កាលពីយប់នាវេលាម៉ោង២១៖១៥នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើកំណាត់ផ្លូវព្រះមន្នីវង្ស កែងផ្លូវលេខ១៨៤ ក្នុងភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ លោក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ លឹម សុខគា ហៅលី ភេទប្រុស កើតឆ្នាំ១៩៩៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវទន្លេសាប ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯជនរងគ្រោះឈ្មោះ ឯក រដ្ឋ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកសម្ភាររបស់ជនរងគ្រោះ ដែលបាត់បង់រួមមាន៖ កាបូបដៃពណ៌ខ្មៅ ចំនួន១ អាវុធខ្លី ម៉ាកឡុក ចំនួន១ដើម KPX ៥៣៤ បង់កាំភ្លើង ចំនួន២ គ្រាប់ចំនួន១៥គ្រាប់ វីសាកាតចំនួន១ បណ្ណ័សម្គាល់យានយន្តស្លាកលេខរដ្ឋ ៨៥៦៨ ចំនួន១ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន២ វិក័យបត្រប្រេង ចំនួន១០០លីត្រ របស់ក្រុមហ៊ុនប្រេងសូគីម៉ិច ចំនួន ១ និងប្រាក់រៀលមួយចំនួនផងដែរ។

លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងពាក់ព័ន្ធក្នុងសកម្មភាព ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ក្នុងការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

ដកស្រង់ពី៖FRESH NEWS