បណ្តាញសង្គម

ស្កាត់ពីខេត្តកណ្ដាលទៅឆក់ដល់ខេត្តកំពង់ធំ សម្រេចបាន៦លើក ចុងក្រោយចោរអស់លក្ខណ៍ត្រូវកម្លាំងនគរបាលក្របួចជាប់ និងបង្ហាញមុខជាសាធារណៈ

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា កងកម្លាំងនគរបាលក្រុងស្ទឹងសែន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឿង ផាណិត អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជាមុខសញ្ញាដ៏សកម្មខាងឆក់កាបូបប្រាក់ ខ្សែក និងទូរស័ព្ទដៃ ចំនួន៦លើក ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានបន្តថា ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ លោកបានបញ្ជាឲ្យកម្លាំងនគរបាលខេត្តកំពង់ធំ បង្ហាញមុខសញ្ញាឆក់យ៉ាងសកម្មនោះ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មុនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

លោកស្នងការបានរៀបរាប់ពីសកម្មភាពឆក់ទាំង៦លើកនោះថា៖ លើកទី១៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯង បានឆក់ខ្សែកពីជនរងគ្រោះឈ្មោះ សេង ហេង ភេទស្រី អាយុ៦៣ឆ្នាំ ត្រង់ចំណុចផ្លូវវាងក្រុង ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

លើកទី២៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងដដែល ឆក់កាបូបដៃពីនារីរងគ្រោះម្នាក់ឈ្មោះ ប៊ូ ចាន់លី អាយុ២៧ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុចំរើន នៅចំណុចផ្លូវកាត់ទៅភូមិសេរីវង្ស ក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដោយក្នុងកាបូបនោះមានលុយ ១ម៉ឺនរៀល និង ២២០ដុល្លារ ទូរស័ព្ទ១គ្រឿង។

លើកទី៣៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពម្នាក់ឯងជិះម៉ូតូដដែល ឆក់កាបូបដៃពីនារីរងគ្រោះម្នាក់ឈ្មោះ តៅ ស្រីរ័ត្ន អាយុ២៣ឆ្នាំ នៅចំណុចផ្លូវចូលទៅភូមិរលួស ក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដោយក្នុងកាបូបនោះមានលុយជាង១លានរៀល ទូរស័ព្ទ១គ្រឿង។

លើកទី៤៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពម្នាក់ឯងជិះម៉ូតូដដែល ឆក់កាបូបដៃពីនារីរងគ្រោះម្នាក់ឈ្មោះ អូន លីនដាវ អាយុ២៦ឆ្នាំ នៅចំណុចផ្លូវចូលទៅភូមិសេរីវង្ស ក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូក្រុង ស្ទឹងសែន។

នៅក្នុងកាបូបមានខ្សែកផ្លាកទីន ១ខ្សែ លុយចំនួន ៤០ម៉ឺនរៀល និងទូរស័ព្ទដៃ ៣គ្រឿង។ លើកទី៥៖ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពម្នាក់ឯងជិះម៉ូតូដដែល ឆក់ទូរស័ព្ទដៃបាន ១គ្រឿង ពីនារីរងគ្រោះម្នាក់ឈ្មោះ ហេង មួយទៀង អាយុ១៩ឆ្នាំ នៅចំណុចផ្លូវបំបែកក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

លើកទី៦៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពម្នាក់ឯងជិះម៉ូតូដដែល ឆក់កាបូបដៃពីនារីរងគ្រោះម្នាក់ឈ្មោះ ផាន់ សុម៉ាលីដា អាយុ២៥ឆ្នាំ នៅចំណុចហួស វត្តវល្លិ៍យាវផ្លូវបំបែកក្នុងភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ក្នុងកាបូបមានលុយជាង២០ម៉ឺនរៀល។

បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទាំង៦លើកខាងលើប្រាកដមែន ព្រមទាំងចង្អុលបង្ហាញពីទីកន្លែងនីមួយៗ ដែលខ្លួនបានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីជនរងគ្រោះ ហើយយកទៅលក់។

សមត្ថកិច្ចដកហូតបានសម្ភារមួយចំនួន រួមមាន ខ្សែកផ្លាកទីន ១ខ្សែ ជារបស់នារីរងគ្រោះឈ្មោះ អូន លីនដាវ ដែលជនសង្ស័យបានយកទៅបញ្ចាំ, ទូរស័ព្ទដៃ ១គ្រឿង ជារបស់នារីរងគ្រោះឈ្មោះ ហេង មួយទៀង ដកហូតពីហាងជួសជុលទូរស័ព្ទដៃក្នុងក្រុងស្ទឹងសែន, ទូរស័ព្ទដៃ ១គ្រឿង របស់នារីរងគ្រោះឈ្មោះ អូន លីនដាវ ដកហូតពីហាងជួសជុល និងលក់ទូរស័ព្ទដៃក្នុងក្រុងស្ទឹងសែន, ម៉ូតូ ១គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ចូនទៅសាលាដំបូងខេត្តកំពង់ធំ៕

ដកស្រង់ពី៖FRESH NEWS