បណ្តាញសង្គម

ក្រុមចោរគាស់ផ្ទះយកទូរស័ព្ទជាង៤០គ្រឿង នៅក្រុងតាខ្មៅ ត្រូវបានកម្លាំងអាវុធហត្ថតាមបំបែកបាន ចាប់វាយខ្នោះបាន៤នាក់

(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំបែកសំណុំរឿងគាស់ផ្ទះយកទូរស័ព្ទមួយករណី នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយឃាត់ខ្លួនបានជនសង្ស័យជាបន្ដបន្ទាប់ ចំនួន៤នាក់ និងទូរស័ព្ទចំនួន៤៤គ្រឿង។

មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយមានបទបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពី លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

បើតាមលោកមេបញ្ជាការ ក្រោយកើតហេតុលោកបានបញ្ជាកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅ ដឹកនាំចុះប្រតិបត្តិការផ្ទាល់ដោយ លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលការងារព្រហ្មទណ្ឌ ស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យ តាមបច្ចេកទេសជំនាញរហូតដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ កំណត់មុខសញ្ញាបាន និងមានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ តាមដំណាក់កាលនីមួយៗ ដើម្បីពន្លាតសមត្ថកិច្ចដែនដី ដោយមានការសហការល្អ រវាងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវស្វែងរកចាប់ខ្លួនមុខសញ្ញាជនសង្ស័យ ទទួលបានលទ្ធផលដូចខាងក្រោម៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ បានចាប់ជនសង្ស័យឈ្មោះ គី ប៊ុនអេង អាយុ៣៣ឆ្នាំ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយដឹងថាមានសមត្ថកិច្ច តាមចាប់ខ្លួនជនសង្ស័យ ក៏បើកម៉ូតូរត់គេចខ្លួនតែត្រូវកម្លាំងឃាត់ខ្លួន នៅចំណុចស្ពានដែកភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ដកហូតវត្ថុតាង និងសម្ភារជាប់ខ្លួន ម៉ូតូម៉ាក Honda dream C125 ពណ៌ខ្មៅស៊េរី២០១៤ ស្លាកលេខភ្នំពេញ1CG-1272 និងទូរស័ព្ទចំនួន០៤គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ម៉ៅ វិទូ អាយុ២៣ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាអ្នកធ្វើសកម្មភាពចូលកាត់សោរ និងគាស់ផ្ទះនៅចំណុចខាងលើ ចូលយកទូរស័ព្ទជិត១០០គ្រឿង យកមកចែកគ្នា រួចនាំគ្នាគេចខ្លួនជាបន្ទាប់ រហូតដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បន្តមកទៀតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ៅ វិទូ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតបាន ទូរស័ព្ទដៃចំនួន០១គ្រឿង។

រួចបន្តចុះឆែកឆេរបន្ទប់ជួល របស់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ចំនួន០២បន្ទប់ នៅចំណុចភូមិលេខ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រកឃើញ និងដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទ័ដៃចំនួន ៤៤គ្រឿង។ លុះនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល ស្រុកអង្គស្នួល និងអាជ្ញាធរដែនដី បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ឈ្មោះ ស្រី ចាន់រ៉ា ភេទស្រី អាយុ៣៤ឆ្នាំ (អតីតប្រពន្ធជនសង្ស័យ គី ប៊ុនអេង) ពីបទទទួលផលចោរកម្ម និងឈ្មោះ ចំរើន រតនា អាយុ៣០ឆ្នាំ (ប្តីចុង) ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង នៅចំណុចផ្ទះជួល បន្ទប់លេខBO 04 ភូមិថ្នល់ទទឹងឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការឃាត់ខ្លួននេះដោយដឹងថា ពីរនាក់ប្តីប្រពន្ធ ជាមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀន និងទទួលផលចោរកម្ម (ករណីខាងលើ) កម្លាំងជំនាញបានសុំការអនុញ្ញាតពីសាមីខ្លួន ជាម្ចាស់បន្ទប់ ដោយមានការចូលរួមពីម្ចាស់ផ្ទះជួល និងអាជ្ញាធរដែនដី ពិសេសដោយមានការយល់ព្រមពី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការឆែកឆេរបន្ទប់ជួលជាក់ស្តែងឃើញជនសង្ស័យឈ្មោះ ចំរើន រតនា កំពុងជក់គ្រឿងញៀន។ ក្នុងនោះដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក០៤កញ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀន, ដាវសាមម៉ារ៉ៃចំនួន០១ដើម និងស្នាប់ដៃចំនួនមួយ។

ដោយឡែកទូរស័ព្ទ០១គ្រឿង និងiPad mini ០១គ្រឿង ដែលប្តីដើម (គី ប៊ុនអេង) លួចពីជនរងគ្រោះ (ចេប ចាន់រី) យកមកឲ្យខ្លួននោះ គឺទូរស័ព្ទយកទៅលក់ នៅផ្សារឃ្លាំងរំសេវ និង iPad ខ្លួនឲ្យទៅកូនប្រុសនៅរាជធានីភ្នំពេញទុកប្រើ។ នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការគ្នា នាំជនសង្ស័យឈ្មោះ គី ប៊ុនអេង ទៅចង្អុលបង្ហាញម្ចាស់ទីតាំង ទទួលផលចោរកម្ម (ទិញទូរស័ព្ទ) នៅរាជធានីមួយចំនួន តែពុំបានសម្រេច។

ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយភាពទទួលខុសត្រូវខ្ពស់ មិនគិតថ្ងៃឬយប់ ជាបន្តបន្ទាប់រួចមក កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញ និងចាប់យកវត្ថុតាង (ទូរសព្ទ័ដៃ) ជារបស់ជនរងគ្រោះបានចំនួន៤៤គ្រឿង និងបានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ប្រគល់ជូនជនរងគ្រោះវិញទាំងអស់។ ដោយឡែកជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា ករណីនេះកើតឡើងនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលម្ចាស់ផ្ទះជាប់ទៅចូលរួមមង្គលការបងប្អូន។ ក្នុងនោះម្ចាស់ផ្ទះបាត់បង់សម្ភារ៖ ទូរសព្ទ័ដៃ ប្រហែល៩០គ្រឿង គិតជាទឹកប្រាក់ប្រហែល១៣,០០០ដុល្លារ, បាត់បងប្រាក់រៀល ១,៥០០,០០០រៀល, ប្រាក់ដុល្លារប្រហែល ៧០ដុល្លារ៕

ដកស្រង់ពី៖FRESH NEWS