បណ្តាញសង្គម

នគរបាលប្រឆាំងគ្រឿងញឿន ក្រសួងមហាផ្ទៃ បង្ក្រាបករណីគ្រឿងញឿនធំមួយ រឹបអូសថ្នាំ​​ជិត៤គីឡូក្រាម

(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ ដោយបង្ក្រាបករណីជួញដូរគ្រឿងញៀន ដែលមានអង្គការចាត់តាំងធំ១ករណី រឹបអូសគ្រឿងញៀន ជិត៤គីឡូក្រាម និងជនសង្ស័យបាន៣នាក់ នៅរាជធានីភ្នំពេញ។

ប្រតិបត្តិការធ្វើឡើងជាបន្ដបន្ទាប់នេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ទទួលផែក ក៦។

លោកវរសេនីយ៍ឯក អ៊ិន សុង នាយការិយាល័យសេនាធិការ មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង នៅ៣ទីតាំងផ្សេងគ្នា និងមានរយៈពេល២ថ្ងៃ។ បើតាមលោកវរសេនីយ៍ឯក អ៊ិន សុង ការបង្ក្រាបដំបូងដោយប្រើវិធានញុះញង់ នៅវេលាម៉ោង១១៖១០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្សារតាប៉ាង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តេង ស៊ីថេន ភេទប្រុស អាយុ៣៨ឆ្នាំ ដកហូតបាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន Ice ទម្ងន់៩៩.៨០ក្រាម។

រហូតដល់វេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជាន់ទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ រ៉ុង ឌីណា ភេទស្រី អាយុ២៩ឆ្នាំ ដកហូតបាន សារធាតុញៀន អិចស្តាស៊ី MDMA ទម្ងន់៧៨០.៩ក្រាម, សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់ ២,៣៣៤.៩៨ ក្រាម និងសារធាតុកេតាមីន K ទម្ងន់ ៣៩៣.៧២ក្រាម។

នៅវេលាម៉ោង០៣៖៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវឌឿងហែម ផ្ទះ១៥៨C ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ រីខាន ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតបាន សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់ ១៣.៣៦ក្រាម។

លោកវរសេនីយ៍ឯក អ៊ិន សុង បានបញ្ជាក់ថា សរុបទាំង៣លើក ឃាត់ជនល្មើស៣នាក់ ស្រីម្នាក់ ដកហូតវត្ថុតាងបាន មេតំហ្វេតាមីនICE ទម្ងន់ ២,៤៤៨.១៤ក្រាម, អិចស្តាស៊ី ទម្ងន់៧៨០.៩ក្រាម និងកេតាមីន K ទម្ងន់៣៩៣.៧២ក្រាម។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងមន្ទីរជំនាញ កំពុងកសាងសំណុំរឿងចាត់បញ្ជូនទៅតុលាការចាត់ការបន្ដ៕

ដកស្រង់ពី៖FRESH NEWS