បណ្តាញសង្គម

យុទ្ធនាការរឹតបន្ដឹងច្បាប់! ​នគរបាលខេត្តកំពង់ចាម បើកប្រតិបត្តិការ​ត្រួតពិនិត្យរកសារធាតុញៀន លើ​អ្នកបើកបររថយន្ដ​បាន២២៩នាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ

(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើករថយន្ដ ចំនួន១៧១គ្រឿង ស្នើនឹងចំនួនមនុស្សទាំងអ្នកបើកបរ និងព្រូរថយន្ដ ចំនួន២២៩នាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ជាលទ្ធផលរកឃើញ២៣នាក់ មានសារធាតុញៀនជាប់ខ្លួន។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់ប្រតិបត្តិការនេះ លោកបានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ជើងគោក និងកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ និងស្រុកបាធាយ ចុះរដ្ឋបាលចំហរ ធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត១៧១គ្រឿង រថយន្តក្រុង២៤គ្រឿង សាំយ៉ុង-ទេសចរណ៍ដឹកអ្នកដំណើរ១៤៧គ្រឿង ធ្វើតេស្តសរុបបានចំនួន២២៩នាក់ ក្នុងនោះអ្នកបើកបរចំនួន១៨១នាក់ និងព្រូ៤៨នាក់។

ជាលទ្ធផលធ្វេតេស្តវិជ្ជមានចំនួន២៣នាក់ មានអ្នកបើកបរ១៤នាក់ (ក្នុងនោះគ្មានប័ណ្ណបើកបរ០៥នាក់), ព្រូរថយន្ដ០៩នាក់ និងរក្សាទុករថយន្ដជាបណ្តោះអាសន្ន ចំនួន១០គ្រឿង។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS