បណ្តាញសង្គម

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនសិស្ស៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបជនជាតិចិន

(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលដំណឹងថា មានករណីឆក់កាបូបជនជាតិចិនម្នាក់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ និងកន្លែងលាក់ខ្លួន ហើយឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាសិស្ស ចំនួន៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២២៖៣០នាទី។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់មកអង្គភាព Fresh News ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២០៖០០នាទី ស្ថិតនៅចំណុច ក្រុម២៦ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូប ជនជាតិចិនម្នាក់ ភេទប្រុស ដែលកំពង់ឈរនៅលើថ្នល់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ HONG ZHIXIONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ លិខិតឆ្លងដែនលេខ E៦៦៩៧៧១២៧ មានទីលំនៅ ក្រុម២៦ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារៈបាត់បង់រួមមាន៖ កាបូប ១ពណ៌ខ្មៅ, លិខិតឆ្លងដែន ១ច្បាប់, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក, ដុំសាកទូរស័ព្ទ ១គ្រឿង, លុយជាង ១០,០០០ដុល្លារអាមេរិក។ ដោយឡែក ជនសង្ស័យ មានគ្នា៤នាក់គឺ៖ *១-ឈ្មោះ ខៃ ស៊ីង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ )។

*២-ឈ្មោះ ស្រេង ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និស្សិត មានទីលំនៅ ក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយ )។ *៣-ឈ្មោះ មាស សម្បត្តិរតនា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( សមគំនិត )។ *៤-ឈ្មោះ ចេន ស៊ីវនេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( សមគំនិត )។

ចំពោះវត្ថុតាងចាប់យកបាន រួមមាន៖ កាបូប ១ពណ៌ខ្មៅ, លិខិតឆ្លងដែន ១ច្បាប់, កាត ៥សន្លឹក, លុយ ១,២០០ដុល្លារអាមេរិក, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក, ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ ១F-១១៥៤ មានលេខតួ និងលេខម៉ាស៊ីន ៩៤៧៥៤៣០ (មធ្យោបាយធ្វើសកម្មភាព ), ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៥២៧៣៩៧៤ (ផលនៃអំពើទុច្ចរិត៖ ឆក់បានលុយយកទៅទិញ )។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEWS