បណ្តាញសង្គម

ឃាតកម្មដ៏សាហាវព្រៃផ្សៃ! ញៀនថ្នាំសុំត្រូវរ៉ូវគ្នាវិញមិនបាន បុរសជាប្តីយកកាំបិតចិតបន្លែអារ.ក សម្លាប់ប្រពន្ធខ្លួនឯង បន្សល់ទុកកូនតូច២នាក់រស់នៅកំព្រា នៅស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ បុរសជាប្តីម្នាក់ បានយកកាំបិតចិតបន្លែអារ.កសម្លាប់ប្រពន្ធខ្លួន ផ្តាច់បំពងករ ដូចអារ.កមាន់ ដោយបន្សល់ទុកកូនតូចៗ ២នាក់ឲ្យរស់នៅកំព្រា។ ហេតុការណ៍នេះ បានកើតឡើង នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤៖៣០នាទី ស្ថិតក្នុងចំការកៅស៊ូ ក្រុមហ៊ុនហ្គោហ្វ័យសុន ភូមិថ្មសម្លាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ចចុះដល់ទីតាំងកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះថា ព្រហ្ម សុភី ភេទស្រី អាយុ២៤ឆ្នាំ ជាកម្មករជ័រកៅស៊ូ ឱ្យក្រុមហ៊ុហ្គោហ្វ័យសុន ស្ថិតនៅទីតាំងភូមិ ឃុំខាងលើ និងមានទីលំនៅភូមិសែនសេរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានកូនក្នុងបន្ទុក២នាក់ ប្រុសទាំង២ ដោយកួនច្បងមានអាយុ៦ឆ្នាំ និងកូនប្អូនមានអាយុ៤ឆ្នាំ។

បើតាមការរៀបរាប់ពីម្តាយជនរងគ្រោះ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ២នាក់ប្តីប្រពន្ធនេះ តាំងពីបានគ្នាមក ចេះតែរកាំរកូស ឈ្លោះគ្នាមិនចេះចប់ មិនចេះហើយ រហូតធ្វើការលែងលះគ្នាត្រឹមភូមិ បានរយៈពេល២-៣ខែមកហើយ។

ប្តីកំហូចនោះ ចេះតែសុំជានានឹងគ្នាវិញ តែប្រពន្ធមិនព្រម ទើបនៅល្ងាចថ្ងៃទី២៧ មានរឿងឃាតកម្មនេះកើតឡើង។ ម្តាយជនរងគ្រោះបន្តទៀតថា កូនប្រសារកំហូចមួយនេះ បានញៀនថ្នាំយូរមកហើយ រឿងដែលមានទំនាស់នឹងគ្នានោះ គឺរឿងជក់ថ្នាំញៀន និងលេងអាប៉ោង។

កាលពីព្រឹកថ្ងៃកើតហេតុ បានទាស់គ្នាម្តងហើយ ដោយយកពន្លាកទៅចាក់លើស្ត្រីជាប្រពន្ធ តែត្រូវបានអ្នកស្រីស្រែកខ្លាំងថា «ម៉េចបានយកពន្លាកចាក់កូនអញ ហើយកូនគាត់ប្រមូលលុយឱ្យទៅប្តីកំហូចនោះអស់ កុំឱ្យវារករឿង និងធ្វើបាប»។ ជាមួយគ្នានេះ លោក ម៉ៅ ចន្ធី អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកសន្ទុក បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលមហាជនចោទថា សម្លាប់ប្រពន្ធខ្លួន ដោយយកកាំបិតចិតបន្លែ ទៅអារ.កផ្តាច់ដូចអារកមាន់នោះ មានឈ្មោះថា អាំ ភាន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។

លោកបន្តថា ចាប់ពីពេលនេះតទៅ ក្មេងប្រុសទាំង២នាក់ នឹងរស់នៅជាមួយជីដូន មានវ័យចំណាស់ស្ទើដើរមិនរួច ពោលគឺម្តាយបានស្លាប់ចោលទាំងក្តីក្តុកក្តួល អាឡោះអាល័យ ដោយមិនបាននៅបីបាច់ថែរក្សាកូន រីឯឃាតកត្រូវជាប្តី និងជាឪពុក ត្រូវបានសមត្ថកិច្ចចាប់បញ្ជូន នៅអធិការនគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ដោយឡែក សាកសពបន្ទាប់ពីសមត្ថកិច្ចពិនិត្យ ធ្វើកោសលវិច្ច័យរួច បានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS