បណ្តាញសង្គម

កងកម្លាំងនគរបាល ខេត្ដកំពង់ចាម តាមចាប់ក្រុម ក្មេងទំនើង ៣នាក់ សល់៣នាក់ទៀត កំពុងរត់គេចខ្លួន ក្រោយដេញកាប់គ្នា តាមផ្លូវ

កម្លាំងនគរបាល ខេត្ដកំពង់ចាម ដែលមានការបញ្ជាភ្លាមៗ ពីសំណាក់ ស្នងការនគរបាលខេត្ដ លោក ឧត្ដមសេនីយ៍ បែន រ័ត្ន បានធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន ក្មេងទំនើង ៣នាក់ ក្រោយពីពួកគេ និងបក្ខពួក ៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួននោះ បានដេញកាប់ យុវជនមួយក្រុម មានគ្នា ៤នាក់ បណ្ដាល ឱ្យរងរបួស កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៤

ស្ថិតនៅក្បែរ សាលាគរុកោសលខេត្ដកំពង់ចាម ជិតបន្ទាយអាវុធហត្ថ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ។

ស្នងការនគរបាលខេត្ដកំពង់ចាម លោក ឧត្ដមសេនីយ៍ បែន រ័ត្ន បានប្រាប់ឱ្យដឹងថា ក្រោយពីលោកទទួល បានព័ត៌មាន ក្មេងទំនើងដេញកាប់គ្នា តាមដងផ្លូវរួចមក លោកបានបញ្ជាឱ្យកម្លាំង នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន ចុះអន្ដរាគមន៍ភ្លាមៗ រហូតឈានដល់ ការចាប់ខ្លួន ក្មេងទំនើង ៣នាក់ ហើយសល់ ៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ។

បើតាមលោកស្នងការ ក្មេងទំនើង ម្នាក់ក្នុង ចំណោមក្មេងទំនើងទាំង ៣នាក់ ដែលកំពុង រត់គេចខ្លួននោះ គឺជាកូនប្រុសបង្កើតរបស់ លោកវរសេនីយ៍ទោ ប៉ែន គ្រី មានតួនាទី ជាអនុប្រធាន ការិយាល័យកណ្ដាល សណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ។

ជុំវិញក្មេងទំនើងរូបនេះ លោក ឧត្ដមសេនីយ៍ បែន រ័ត្ន បានបញ្ជាឱ្យលោក ប៉ែន គ្រី ត្រូវនាំកូនប្រុសរបស់ខ្លួន មកប្រគល់ឱ្យ សមត្ថកិច្ច ដើម្បីចាត់វិធាន ការទៅតាមផ្លូវច្បាប់ ជាជាងរត់ចោលស្រុក អស់មួយជីវិតនោះ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្មេងទំនើង ៦នាក់ បានប្រើ ដាវសាំម៉ូរ៉ៃ និងកាំបិតដេញកាប់ប្រហារទៅ លើយុវជន ៤នាក់ ដែល កំពុងអង្គុយនៅលើ ម៉ូតូ បណ្ដាលឱ្យរងរបួសធ្ងន់ ហូរឈាមជោកខ្លួន ។ ភ្លាមៗនោះយុវជនរងគ្រោះបានរត់ ចូលបន្ទាយអាវុធហត្ថ ខេត្ដកំពង់ចាមដើម្បី ឱ្យជួយអន្ដរាគមន៍ ។

យ៉ាងណាក៏ដោយ ទំនាស់នៃការកាប់ ប្រហារតាមដងផ្លូវយ៉ាង អនាធិបតេយ្យ របស់ក្រុមក្មេងទំនើងទាំង នេះ មិនទាន់ដឹងពីមូល ហេតុពិតប្រាកដនោះ ឡើយ ប៉ុន្ដែ អាចមកពីកាច់កុងគ្នាឬជម្លោះ ក្នុងរឿងស្នេហាក៏ថា បាន ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដកំពង់ចាម បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង ៣នាក់ ដែលត្រូវចាប់ខ្លួនបានភ្លាមៗ ក្រោយកើត ហេតុនោះ រួមមានទី១ ឈ្មោះ ថេ ចាន់ណា  ហៅអាយ៉ូវ ជាកូនថៅកែហាងផឹកស៊ីយីហោ ម្លប់ត្នោតដែលសម្បូរ រឿងអាស្រូវខ្លាំងជាង គេរឿងទាស់ទែង ទី២ ឈ្មោះ ឆន ម៉ាយ៉ារិទ្ធ រស់នៅ សង្កាត់វាលវង់ និងទី៣ ឈ្មោះ ឡី អាយុ ២៣ឆ្នាំ ជាកូនប្រធានភូមិទី២ រស់ នៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយឡែកជនរងគ្រោះ ដែល ត្រូវជនបង្ក ទាំងនេះ ដេញកាប់ដោយកាំបិត និងដាវសាំម៉ូរ៉ៃនោះ បាន និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដកំពង់ចាម បាននិយាយថា ដោយមានបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ពីសំណាក់ អភិបាលខេត្ដកំពង់ចាម ឯកឧត្តម លន់ លឹមថៃ និងស្នងការនគរបាលខេត្ដ លោក បែន រ័ត្ន ក្មេងទំនើងទាំង នេះ នឹងត្រូវបញ្ជូនខ្លួនទៅកាន់ សាលាដំបូង ខេត្ដកំពង់ចាម ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពីព្រោះរឿងនេះ ជាទោសព្រហ្មទណ្ឌ បង្ករបួសស្នាម ហើយមិនអាចចប់ត្រឹមធ្វើ ការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ បាននោះឡើយ ។

យ៉ាងណាក៏ ដោយប្រជា ពលរដ្ឋជាច្រើននាក់ នៅក្រុងកំពង់ចាម សង្ឃឹមថា សាលាដំបូង ខេត្ដកំពង់ចាមនឹង ធ្វើការចោទប្រកាន់ ហើយសម្រេចឃុំខ្លួន ក្មេងទំនើងទាំង នេះដាក់ពន្ធនាគារ ក្រោយ ពីនគរបាលបានបញ្ជូនពួកគេទៅកាន់តុលា ការជៀសវាងដោះលែង ឱ្យមានសេរីភាព ឡើងវិញ នោះពួកគេនឹងបង្កភាពអនាធិប តេយ្យជាថ្មីម្ដងទៀត ៕