បណ្តាញសង្គម

​យុវជន២នាក់ ឆក់ទូរស័ព្ទតាមផ្លូវ នៅខណ្ឌពោធិ៍សែនជ័យ​ ម្នាក់រត់រួច ម្នាក់ទៀតសមត្ថកិច្ច ក្របួចបាន

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដេញបង្ក្រាបក្រុមចោរឆក់ដ៏ជំនាញ និងសកម្មចំនួន០២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារីវ័យក្មេងម្នាក់បានសម្រេច រហូតក្របួចជាប់ជនសង្ស័យម្នាក់ និងបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សេរី ចំណាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន និងបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះ ឈ្មោះ ថន អាយុប្រហែល១៨ឆ្នាំ។ ចំណែកជនរងគ្រោះ ឈ្មោះ ផូង អ៊ិចឆេងឡាំង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ សកលវិទ្យាល័យភ្នំពេញ មានទីលំនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារបាត់បង់គឺទូរស័ព្ទម៉ាក iPhone 6 ពណ៌ទឹកមាស និងឧបករណ៍សម្រាប់សាកថ្មទូរស័ព្ទផងដែរ។ ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ក្រោយពីនាងជួយរៀបឥវ៉ាន់ម្តាយ ក្នុងផ្សារស៊ិនជូរីហើយ ម្តាយបានប្រើឲ្យទៅយកសាច់ជ្រូក នៅភូមិប៉ប្រ៉កជើង ដើម្បីយកទៅលក់ហើយទូរស័ព្ទ និងឧបករណ៍សាកថ្មដាក់នៅក្នុងឃ្លប់ម៉ូតូនិច ខាងមុខ ដោយជិះតាមផ្លូវសួនកុមារ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយហើយជនសង្ស័យជិះខាងក្រោយ ឈ្មោះ សេរី ចំណាន ជាអ្នកឆក់យកទូរស័ព្ទភ្លែតស្រែកភ្លាមពលរដ្ឋ និងកម្លាំងប៉ុស្តិ៍ ក្បែនោះឃើញដេញចាប់បានម្នាក់ បក្ខពួកម្នាក់ទៀត បើកម៉ូតូរត់គេចទៅបាត់។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យដែលធ្វើសកម្មភាព ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍កាកាប១ និងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS