បណ្តាញសង្គម

អាសូរណាស់! រថយន្តកុងតឺន័រ ព្រលះរថយន្តតួរីស ស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តតួរីស ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកធ្វើដំណើរតាមរថយន្តតួរីស ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោអាធ័ម ក្នុងនោះមានកុមារអាយុ១ឆ្នាំម្នាក់ និងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យផងដែរ។

មន្ត្រីនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតនៅវេលាម៉ោង៤៖៣៥នាទីថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០១៨នេះ នៅចន្លោះគីឡូលេខ១៩២-១៩៣ ស្ថិតនៅក្នុងភូមិកំពែងស្វាយឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ករណីនេះ បង្កឡើងដោយរថយន្តកុងតឺន័របើកពីកើតទៅលិច ពាក់ស្លាកលេខ 4A-1980 ព្រះសីហនុ បើកបរដោយឈ្មោះ ម៉ាញ រស់នៅខេត្តកំពង់ធំ បានរងរបួសធ្ងន់ បានបុកពេញទំហឹងរថយន្តតួរីសពណ៌ស ពាក់ស្លាកលេខ 2AK-8965 ភ្នំពេញ ដឹកផ្លែសាវម៉ាវបើកពីលិចទៅកើត បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តតូរីស៣នាក់ស្លាប់ (ប្រុស២ស្រី១) ក្នុងនោះកុមារម្នាក់ បើកបរដោយឈ្មោះ វ៉ាន់ វឿន រស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្ននេះ រថយន្តទាំងពីគ្រឿង ត្រូវបានមន្ត្រីនគរបាល យកចេញពីកន្លែងកើតហេតុ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី។ ចំពោះសពទាំង៣ នាក់ រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS