បណ្តាញសង្គម

ចាប់រថយន្តសាំយ៉ុង៣គ្រឿង ដឹកឈើនៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីព្រៃឈើអធិការមេគង្គ និងមេព្រៃខេត្ត បានរួមគ្នាដេញស្ទាក់ចាប់រថយន្ត សាំយ៉ុងដឹកក្តារសសរចំនួន៣គ្រឿង គ្រារថយន្តទាំងនោះ បានព្យាយាមបើករត់គេច ពីកម្លាំងសមត្ថកិច្ចតាំងពីផ្លូវជាតិលេខ៧៨ រហូតដល់កុងត្រូលចរាចរណ៍ នៅភូមិជិតថ្នាលបណ្តុះកូនឈើភ្នំក្រហម ទើបឃាត់បាន។

ករណីចាប់ឃាត់រថយន្តនេះ បានកើតឡើងកាលពីយប់ម៉ោង១អាធ្រាត្រថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតចំណុចផ្លូវបំបែកអូរពងមាន់បន្តិច ក្នុងភូមិរាជនុកូល សង្កាត់ស្ទឹងត្រែង។ សមត្ថកិច្ចឲ្យដឹងថា រថយន្តសាំយ៉ុងដឹកក្តាសសរទាំង៣គ្រឿង ក្នុងនោះមានពណ៌ស១គ្រឿង ពណ៌ខៀវ២គ្រឿង បានដឹកឈើចេញពីចំណុចក្បាលស្ពានស្រែពកថ្មី នៃទឹកខេត្តស្ទឹងត្រែង ព្រំប្រទល់ខេត្តរតនគិរី នៅគ្រានោះកម្លាំងសមត្ថកិច្ចបានព្យាយាមដេញស្ទាក់ចាប់រថយន្តដឹកឈើទាំងនោះ ប៉ុន្តែរថយន្តដឹកឈើនោះ បានបើកបិទផ្លូវមិនឈប់នោះទេ រហូតដល់ចំណុចចរាចរណ៍ជើងគោកទើបឃាត់រថយន្តនោះ បានទាំង៣គ្រឿងតែម្តង។

បន្ទាប់ពីស្ទាក់បានរថយន្តនោះរួចហើយ តៃកុងឡានក៏រត់គេចខ្លួនភ្លាមៗផងដែរ ប្រហែលក្រុមឈ្មួញទាំងនោះដឹងសភាពថា ត្រូវចាប់ទាំងមនុស្ស។ រថយន្តសាំយ៉ុងដឹកឈើដែលកម្លាំងសមត្ថកិច្ចខាងលើ ចាប់បានកាលពីយប់ថ្ងៃដដែលនោះ នៅវេលាម៉ោង១១៖៣០នាទីនេះ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ហើយដើម្បើចងក្រងសំណុំរឿងប្រគល់ជូនរដ្ឋបាលព្រៃ។

មន្ត្រីជំនាញក៏បានឲ្យដឹងដែរថា ឈើដែលកម្លាំងសហការគ្នាចាប់បាននៅមិនទាន់ដឹងពីចំនួនពិតប្រាកដប៉ុន្មាននោះទេ គ្រាន់តែដឹងមានឈើប្រភេទក្តារសសរ នៅលើរថយន្តសាំយ៉ុង៣គ្រឿងប៉ុនណ្ណោះ៕

ដកស្រង់ពី៖FRESH NEWS