បណ្តាញសង្គម

បរុសម្នាក់បើកម៉ូតូឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)៖ បុរសម្នាក់បើកម៉ូតូឆ្លងកាត់ផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៦៖៤៣នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៩៤-១៩៥ ចំណុចខាងកើតគល់ស្ពាន៣០កញ្ញា ភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលកើតហេតុ មានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1B.6168 បើកបរដោយឈ្មោះ សាញ់ សឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនរងគ្រោះ បើកបរឆ្លងកាត់ផ្លូវពីត្បូងទៅជើង ហើយបត់ឆ្វេង។ ដោយឡែក រថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-5818 បើកបរក្នុងទិសដៅពីលិចទៅកើតដោយឈ្មោះ រិន ឈ័ង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន រស់នៅផ្ទះលេខ៦២ ផ្លូវលេខ៦០ សង្កាត់តាទុង ក្រុងស៊ិនយ៉ាង ខេត្តលែវមីញ ប្រទេសចិន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ដកហូតយកវត្ថុតាងទាំងពីរ រថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា លោក រិន ឈ័ង កាន់លិខិតឆ្លងដែន G58660610 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២ ផុតកំណត់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ បច្ចុប្បន្នបុរសនេះ ស្នាក់នៅភូមិត្រពាំងសេះ ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។ មូលហេតុជាបឋម បង្កដោយអ្នកបើកបរម៉ូតូបើកបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន៕

ដកស្រង់ពី៖FRESH NEWS