បណ្តាញសង្គម

តុលាការគ្រោងប្រកាសទោសបុរសនីហ្ស៊េរីយ៉ា២នាក់ ពាក់ព័ន្ធរឿងដឹកគ្រឿងញៀនជាង១គីឡូ ចូលកម្ពុជា នៅថ្ងៃ១៨ ខែកក្កដា

(ភ្នំពេញ)៖ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបើកសវនាការកាត់ទោសបុរស ជនជាតិនីហ្ស៊េរីយ៉ា២នាក់ ពាក់ព័ន្ធសំណុំរឿង ដឹកជញ្ជូនគ្រឿងញៀនជាង១គីឡូក្រាម ចូលប្រទេសកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៧។

លោក កុល បុន ជាតំណាងអយ្យការ បានចោទប្រកាន់លើជនជាប់ចោទទី១ ឈ្មោះ Okoro Chukwuka Boniface អាយុ២៨ឆ្នាំ និងទី២ឈ្មោះ Obiora Doze Frank អាយុ៣៤ឆ្នាំ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៧៦ ផ្លូវលេខ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនការ ជនជាប់ចោទ ឈ្មោះ Okoro Chukwuka Boniface ទទួលស្គាល់ថា គ្រឿងញៀនទាំងអស់ ជារបស់គេដែលបញ្ជាទិញពីប្រទេសកូឡំប៊ី ក្នុងតម្លៃ១៥,០០០ដុល្លារ។ ចំណែកជនជាប់ចោទ ឈ្មោះ Obiora Doze Frank ឆ្លើយថា រូបគេអត់ដឹងរឿងគ្រឿងញៀននោះទេ នៅថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លួន រូបគេគ្រាន់តែបើករថយន្តជូនមិត្តភក្តិទៅមន្ទីរពេទ្យតែប៉ុណ្ណោះ។

គួររំលឹកថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទខាងលើជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតគ្រឿងញៀន ប្រភេទកាកូអ៊ីនចំនួន១,១គីឡូក្រាម៕

ដកស្រង់ពី៖FRESH NEWS