បណ្តាញសង្គម

ម៉ួតូ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកបាណន់ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

(បាត់ដំបង) ៖ ម៉ូតូ២គ្រឿងបើកបរច្រាស់ទិសគ្នា ក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជនបានស្លាប់ ខណៈបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងក្រុមទី១៤ ភូមិភ្នំសំពៅលិចឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ម៉ី ឆេងលី នាយប៉ុស្តិ៍រដ្ឋបាលឃុំភ្នំសំពៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដោយឡើងជែងគោយន្តមួយគ្រឿង ក៏បានប្រទះរេចង្កូតជាមួយម៉ូតូ១គ្រឿងទៀត បើកបរក្នុងទិសដៅផ្ទុយគ្នា ហើយបានបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់បានស្លាប់ នៅវេលាម៉ោង៧យប់ ពេលដឹកដល់មន្ទីរពេទ្យខេត្តបាត់ដំបង។

លោក ម៉ី ឆេងលី បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រិទ្ធិ គឹមហឹង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សរស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ បើកបរម៉ូតូម៉ាកហុងដា C125 ស៊េរី២០១៥ ពណ៌ក្រហមពាក់ស្លាកលេខ បប1V-0787 រងរបួសធ្ងន់។

រីឯជនរងគ្រោះដែលបានស្លាប់ម្នាក់ទៀតឈ្មោះ យឿង សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិធ្ងើ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាC១២៥ ស៊េរី២០១៨ ពណ៌ក្រហមគ្មានស្លាកលេខ។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿង សមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាណន់ ឯសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS