បណ្តាញសង្គម

នគរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់ ត្រូវបានជនល្មើសកាប់ឲ្យរងរបួសយ៉ាងទម្ងន់ ពេលចុះបំពេញភារកិច្ច, សាច់ញាតិជនរងគ្រោះស្នើឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជួយសម្រួលចេញលិខិតឆ្លងដែន ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅថៃ

(ភ្នំពេញ)៖ លោក ឃិន ទិត្យ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ។ សាច់ញាតិជនរងគ្រោះបានប្រាប់ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅមុខផ្សារនាគមាស លោក ឃិន ទិត្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរសរុបចំនួន៣នាក់ បានចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះមកកាប់យកៗតែម្តង។

ហើយជនល្មើស ក៏ត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗផងដែរ។ ចំណែកបច្ចុប្បន្ន ជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានសភាពធ្ងន់ធ្ងរជាទីបំផុត។ សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្កេនក្បាលជនរងគ្រោះរួចមកឃើញថា ជនរងគ្រោះប៉ះត្រូវខួរក្បាលពីរកន្លែង ដែលត្រូវការយកចិត្តទុកដាក់ខ្លាំងបំផុត។

ដូច្នេះសាច់ញាតិជនរងគ្រោះ ស្នើសុំឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងគនរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយសំរួលឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញលិខិតឆ្លងដែន ជួនលោក ឃិន ទិត្យ ដែលកំពុងរងរបួសធ្ងន់ អាចចេញទៅសង្គ្រោះជីវិតនៅប្រទេសថៃ។ សាច់ញាតិជនរងគ្រោះសង្ឃឹម និងជឿជាក់ថា នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ នឹងជួយសម្រួលបានទាន់ពេលវេលា៕

ដកស្រង់ពី៖FRESH NEWS