បណ្តាញសង្គម

គួរឲ្យអាសូរណាស់! ក្មេងប្រុស២នាក់ ទៅរើសចេតចាយ ត្រូវរថយន្តបុកស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់​

(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់បានស្លាប់ និងម្នាក់បានរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈពេលដែលត្រូវរថយន្តតាកូម៉ាបុកកិន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទុកចោល ដែលមានកម្មវិធីប្រគុំតន្រ្តី នៅភូមិ១ក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសម្នាក់ដែលស្លាប់មានឈ្មោះ ឡូ ភារ៉ា ភេទប្រុស អាយុ១២ឆ្នាំ រៀននៅអង្គកុមារនៃភាពញញឹម រីឯម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកនៅមន្ទីរពេទ្យឈ្មោះ ចន្ធា វុទ្ធ ធូ ភេទប្រុស អាយុ៩ឆ្នាំ រស់នៅក្រោមបន្ទុកឪពុក ដែលមានឈ្មោះ វន់ វាន អាយុ៣៧ឆ្នាំ មានមុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នស្នាក់ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសទាំង២ បានទៅរើសអេតចាយ ជាមួយជីដូន តាំងពីព្រឹកព្រលឹម លុះពេលរើសអេតចាយរួច ក្មេងទាំង២នាក់នោះ បានដេកនៅតូបលក់ដែលគេរុករើរួច ក៏ស្រាប់តែមានរថយន្តតាកូម៉ា បើកចេញពីតូបមួយផ្សេងទៀត បានកិនក្មេងទាំង២នាក់នោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់។

ភ្លាមៗនោះ ម្ចាស់រថយន្តបានដឹកក្មេងទាំង២នាក់ ទៅមន្ទីរពេទ្យក្បែរនោះ តែដោយសារសភាពរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តមកមន្ទីរពេទ្យរុស្ស៊ី តែជាអកុសលក្មេងប្រុសម្នាក់ ដែលឈ្មោះ ឡូយ ភារ៉ា ត្រូវបានស្លាប់បាត់ទៅហើយ។

ចំណែកក្មេងដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនបន្តទៅកាន់ មន្ទីរពេទ្យគន្ធាបុប្ផា។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ចិន សាវ៉េត ភេទស្រី អាយុ៣២ឆ្នាំ ភូមិព្រែកអញ្ចែញ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅម្តុំទឹកល្អ២ ខណ្ឌទួលគោក ចំណែកម្ចាស់ដែលបើករថយន្ត គឺបានគេចខ្លួនបាត់ស្រមោល បើកកិននោះម៉ាកតាកូម៉ា ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2AT-5610។

ដកស្រង់ពី៖FRESH NEWS