បណ្តាញសង្គម

តុលាការខេត្តបាត់ដំបង ចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្រ្តីម្នាក់ ពីបទឆបោកប្រាក់ជិត១០ម៉ឺនដុល្លារពីជនរងគ្រោះ

(បាត់ដំបង)៖ ចៅក្រមជំនុំជម្រះរបស់សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្រ្តីម្នាក់ រកស៊ីលក់អចលនវត្ថុ ក្រោយស្រ្តីរូបនេះ បានបោកលុយពីជនរងគ្រោះជិត១០ ម៉ឺនដុល្លារ។ នេះបើយោងតាមដីការបស់តុលាការដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ។

ស្រ្តីរូបនេះមានឈ្មោះ លេង សុគន្ធី អាយុ៣៧ឆ្នាំ មុខរបរលក់អចលនវត្ថុ មានទីកន្លែងកំណើតភូមិថ្លា ឃុំច្រនៀង ស្រុកបារាយណណ៍ ខេត្តកំពង់ធំ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧៨៥ ក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែសព្វថ្ងៃកំពុងរត់គេចខ្លួន។

នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន របស់សាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានតុលាការសម្រេចដាក់ពន្ធធនាគារចំនួន២ឆ្នាំ ពីបទឆបោក គិតពីថ្ងៃចាប់ខ្លួន និងបានបង្គាប់ឲ្យជននេះ សងប្រាក់ទៅម្ចាស់ឈ្មោះ ហ្គូយ សុខលីណា មានទឹកប្រាក់ចំនួន៩៧,៣៥៣ដុល្លារ ព្រមទាំងសងប្រាក់ជម្ងឺចិត្តចំនួន៥,០០០ដុល្លារទៀត។

ដើមបណ្តឹងឈ្មោះ ហ្គូយ សុខលីណា ដែលជាជនរងគ្រោះ បានប្រកាសជាសាធារណៈថា បើបងប្អូនណាបានឃើញ ឬកម្លាំងសមត្ថកិច្ចទូទៅ ឬសមត្ថកិច្ចណាចាប់ខ្លួនពិរុទ្ធជនខាងលើនេះ បានយកមកប្រគល់ឲ្យតុលាការខេត្តបាត់ដំបង នឹងមានជូនសាគុណជូនលើកទឹកចិត្តផងដែរ៕

ដកស្រង់ពី៖FRESH NEWS