បណ្តាញសង្គម

ជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ត្រូវកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ត្រូវកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ចុះប្រតិបត្តិការបង្រ្កាបបាន នៅចំណុចភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ យកមកសាកសួរ និងបន្តបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ។

ការបង្រ្កាបនេះដែរ បានធ្វើឡើងកាលពីយប់ម្សិលមិញថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ កម្លាំងអាវុធហត្ថស្រុកម៉ាឡៃចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះថា ក្រោយទទួលបានព័ត៌មានស្តីពីការជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយអនុវត្តន៍តាមការអនុលោមរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែងតែម្តង។

លោកបន្តថា ជនសង្ស័យទី១-ឈ្មោះ ខែន វាសនា ភេទប្រុស អាយុ ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ) និងទី២-ឈ្មោះ សោម វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ រួមជាមួយវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនICE ចំនួន ០៥កូនថង់ ស្មើ ៣.៣៨ក្រាម, ម្សៅក្រាមពណ៌ស (សាជូ)ទម្ងន់ ៤៩៦ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង, កាំបិតខ្វែវ ០២ដើម, កាំបិតសាំម៉ូរ៉ៃ ០២ដើម, ចំពុះទុង ០១ដើម, ម៉ាស៊ីនកំដៅហ្សីហ្សា ០១គ្រឿង, អាយកូម ពណ៌ខ្មៅចំនួន ០២គ្រឿង, និងកូនថង់់សម្រាប់ច្រកគ្រឿងញៀនមួយ។

បច្ចុប្បន្នកម្លាំងអាវុធហត្ថស្រុងម៉ាឡៃបានធ្វើការសាកសួរ និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS