បណ្តាញសង្គម

នគរបាលខណ្ឌមានជ័យ បង្ក្រាបចោរ និងប្រើប្រាស់គ្រឿងញៀន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ២គ្រឿង ពីអ្នករត់រ៉ឺម៉កកង់បីឥណ្ឌា

(ភ្នំពេញ)៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាចោរឆក់ម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន២គ្រឿង ពីអ្នករត់រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា។ តែជាលទ្ធលផលវិញនោះ បែរជាត្រូវជាប់ខ្នោះនគរបាល ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ យប់មិញនេះ។

បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានអនុវត្តផ្ញើជូនលោកវរសេនីយ៍ឯក តេង ស៉ីណូ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុ រ៉ាឌី ហៅរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ក្នុងបទលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) យកមកធ្វើការត្រួតពិនិត្យឃើញ ថាមានផ្ទុកសារធាតុញៀនក្នុងទឹកនោម។

លើសពីនេះ នៅក្នុងរបាយការណ៍របស់លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើដដែល បានឲ្យដឹងទៀតថា ក្រៅពីជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងទឹកនោម គេបានឆ្លើយសារភាពថា នៅក្នុងអំឡុងម៉ោងប្រហែល២១៖៣០នាទីយប់មិញនេះ ថ្ងៃទី២១ ខែសីហា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន២គ្រឿង ពីជនរងគ្រោះឈ្មោះ ប៉ាក ចាន់សុខ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៦១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតប្រាកដមែន។

លើសពីនេះទៀត នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ចំពោះវត្ថុតាងចាប់យកបានពីជនសង្ស័យជាចោរឆក់ និងជាអ្នកប្រើប្រាស់គ្រឿងញៀនរួមមាន៖ ទូរស័ព្ទដៃចំនួន០២គ្រឿង ៖ ម៉ាកអាយហ្វូនសិចផ្លើស ពណ៍ខ្មៅ មានស៊ីមកាតលេខ ០៨៧៦២៥៥១០ ចំនួន ០១គ្រឿង និង ម៉ាកអាយហ្វូនសេវែនផ្លើស ពណ៍ខ្មៅ មានស៊ីមកាតលេខ ០១១៤០៩៥៨៥ ចំនួន០១គ្រឿងទៀត (ចំពោះទូរស័ព្ទដៃបានប្រគល់ឲ្យម្ចាស់ជនរងគ្រោះឈ្មោះ ប៉ាក ចាន់សុខ ដែលជាអ្នករត់រ៉ឺម៉កម៉ូតូកង់បី ដើម្បីយកទៅរក្សាទុកបណ្តោះអាសន្ន។

បច្ចុប្បន្នជនសង្ស័យ បាននិងកំពុងស្ថិតក្រោមការសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS