បណ្តាញសង្គម

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៤នាក់ និងរងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែកញ្ញា​ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១៤នាក់ និងរបួសស្រាល៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្ដធុនតូច៥គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, មិនគោរពសិទ្ធិ និងកត្ដាយាន។

សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១២៦លើក បណ្ដាលឲ្យមនុស្សសា្លប់៥៧នាក់, របួសធ្ងន់១៣៧នាក់ និងរបួសស្រាល៤១នាក់៕

ដកស្រង់ពី៖FRESH NEWS