បណ្តាញសង្គម

BREAKING NEWS: មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវចាប់ខ្លួននៅខេត្តព្រះវិហារ

ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះថា មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ទាំង៨នាក់ ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជានោះត្រូវបានចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី០២ ខែតុលានេះនៅក្នុងទឹកដីខេត្តព្រះវិហារ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា បុរសជនសង្ស័យជាមេខ្លោងដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះ ប្តិន្តិ៍ ថងឌី (BDIN THORNGDI) ហៅ ដួង ហៅ ក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ នៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ក្នុងពេលបើកប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យខាងលើនេះដែលរួមមានអាវុធ២ដើម (ខ្លី០១ដើម វែង០១ដើម) គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានបញ្ជូនពីខេត្តព្រះវិហារ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើសបានទាន់ពេលវេលានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ នាពេលថ្មីៗនេះ ។

សូមបញ្ជាក់ថា ជនប្រដាប់អាវុធដែលពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា មានបំណងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានកម្លាំងនគរបាលរួមសហការគ្នា បើកប្រតិបត្តិស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជាបន្ដបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីម្សិលមិញផងដែរ។

ចំណាត់ការដ៏ម៉ឺងម៉ាត់ នៃប្រតិបត្តិការតាមចាប់ក្រុមជួញដូរអាវុធទាំង៨នាក់ និងដកហូតអាវុធជិត៣០ដើម បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកំពត កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលខេត្តព្រះវិហារ និងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលនីតិវិធីរបស់ព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ ត្រូវបានឃុំខ្លួនដាក់ ពន្ធនាគារកាលពីម្សិលមិញ ក្រោមបទចោទប្រកាន់ពីការជួញដូរអាវុធខុសច្បាប់។

សម្រាប់ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៨នាក់នេះ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានធ្វើឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងចុះបង្ក្រាបនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ របស់កម្លាំងនគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយប៉ុស្ដិ៍នគរបាល ដោយមានការឃាត់ខ្លួនជនសង្ស័យមួយចំនួន និងអាវុធប្រភេទ AK ស្វាយបត់ ចំនួន២៥ដើម។

ដកស្រង់ពី៖FRESH NEWS