បណ្តាញសង្គម

មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង ស្ទាក់ចាប់ សាច់មាន់ និងឆ្អឹងមាន់ខូចគុណភាព៧០គីឡូ ដែលបង្កប់ក្នុងរទេះដឹកបន្លែ-ផ្លែឈើនាំចូលពីប្រទេសថៃ តាមច្រកប៉ុស្តិ៍ភ្នំដី, មន្រ្តីដកហូតដុតកម្ទេចចោលភ្លាមៗ

(បាត់ដំបង)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង និងគ្រប់ស្ថាប័នពាក់ព័ន្ធ បានបង្ក្រាបសាច់មាន់ ឆ្អឹងមាន់ខូចគុណភាព៧០គីឡូ ដែលបង្កប់ក្នុងរទេះដឹកបន្លែ-ផ្លែឈើ នាំចូលពីប្រទេសថៃ តាមច្រកប៉ុស្តិ៍ភ្នំដី ស្រុកសំពៅលូន ព្រមទាំងដកហូតយកទៅដុតកម្ទេចចោលភ្លាមៗ។

 

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលបានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់ទំនិញខូចគុណភាព និងចូលរួមការពារសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញ បានសហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានធ្វើការត្រួតពិនិត្យទំនិញនាំចូលពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍ច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន ជាក់ស្តែងនៅថ្ងៃនេះ ស្ទាក់ចាប់បានសាច់មាន់ ឆ្អឹងមាន់ខូចគុណភាព៧០គីឡូ ដែលបង្កប់ក្នុងរទេះដឹកបន្លែ-ផ្លែឈើ។

លោកប្រធាន បានបញ្ជាក់ថា មន្រ្តីជំនាញនៅតែបន្តសម្រុកចុះត្រួតពិនិត្យជាប្រចាំ ក្នុងការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ តាមរយៈបិទស្ទីកឃើ នៅតាមទីតាំងលក់ទំនិញ ឬអប់រំដោយផ្ទាល់ ប្រាប់ពីផលប៉ះពាល់សុខភាពដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារ ធ្វើការត្រួតពិនិត្យរាល់ការនាំចូល ការដាក់តាំងលក់ទំនិញខូចគុណភាព ដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់ មិនឲ្យមានធ្វើចរាចរណ៍នៅលើទីផ្សារបន្តទៀត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ៕