បណ្តាញសង្គម

សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ចំនួន ២៣នាក់ ដួលសន្លប់ ហើយបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ជាបន្តបន្ទាប់

កំពង់ចាម៖ ក្រោយពីទទួលបានព័ត៌មានថា មានសិស្សានុសិស្សនៅ វិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានដួលសន្លប់ ជាបន្តបន្ទាប់ ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចាត់ ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត ដឹកនាំសមាសភាពមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យ ស្ថានភាពជាក់ស្ដែង ភ្លាមៗ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ។

តាមការបញ្ជាក់ ពី លោក តូច វុឌ្ឍី នាយកវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានឲ្យដឹងថា ខណៈដែលគ្រូកំពុងតែបង្រៀន ដូចធម្មតា នៅវេលាម៉ោងប្រហែល ៧.៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ស្រាប់តែមានសិស្សមា្នក់ មានសភាពស្ពឹកដៃជើង ណែនដើមទ្រូង ហើយបានទន់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសិស្សដទៃទៀត បាននាំគ្នាជួយរិត ស្រាប់តែអាការៈនេះ ក៏បានកើតឡើងជាបន្តបន្ទាប់ ទៅលើសិស្ស ២២នាក់ ផ្សេងទៀត ។

បន្ទាប់មក ក៏បានបញ្ជូនទៅសង្គ្រោះ ជាបន្តបន្ទាន់ នៅឯមណ្ឌលសុខភាព ពាមជីកង និងមណ្ឌលសុខភាពស្រុក ប្រតិបត្តិព្រៃឈរ កងមាស ចំនួន ១៣នាក់ ។ រីឯ អ្នកជម្ងឺមានអាការៈធ្ងន់ធ្ងរ ចំនួន ៧នាក់ បានបញ្ជូនតាមរថយយន្ត សង្រ្គោះបន្តាន់ មកព្យាបាលនៅ មន្ទីរពេទ្យខេត្តកំពង់ចាម ។ ហើយសិស្សចំនួនពីរនាក់ទៀត ត្រូវបានក្រុមគ្រួសារបញ្ជូន ដោយផ្ទាល់ទៅសង្គ្រោះនៅ មន្ទីរពេទ្យឯកជនក្នុង ខេត្តកំពង់ចាម នឹងសិស្សម្នាក់ទៀត ដែលមានលក្ខណៈធូរស្រាល ជាងគេនោះ គឹក្រុមគ្រួសារបានយកទៅ ព្យាបាលនៅផ្ទះ ។

ជាមួយនឹងឧបត្តិហេតុ ដែលកើតឡើងនេះ លោក ស្វាយ ផល្លា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានស្នើសុំទៅ ក្រសួងអប់រំ ដើម្បីសុំឲ្យសិស្ស រៀននៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានឈប់សម្រាកសិក្សាចំនួន ២ថ្ងៃ ដើម្បីទុកឲ្យសមត្ថកិច្ចជំនាញ ត្រួតពិនិត្យអំពីហេតុផល ដែលបណ្ដាលឲ្យសិស្ស មានជម្ងឺដូច្នេះ ។ លោក តូច វុឌ្ឍី នាយកសាលា បានគូសបញ្ជាក់ផងដែរថា នៅឆ្នាំសិក្សា២០១២ ២០១៣ នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកងនេះសិស្ស បានជួបប្រទះម្ដង ហើយដែរ ។

ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ បានផ្ដាំផ្ញើដល់ មន្ទីរសុខាភិបាល នឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិ្ចទុកដាក់ សិក្សាស្រាវជ្រាវរកមូលហេតុ ឲ្យឃើញ អំពីប្រភេទ នៃជម្ងឺ នឹងរកវិធានការទប់ស្កាត់ កុំឲ្យលេចឡើងនូវឧបត្តិ ហេតុដូចថ្ងៃនេះបន្តទៀត ។ បន្ទាប់ពីបានបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យនានា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ពាមជីកង ចំនួន ២៣រូប ត្រូវបានវិលត្រឡប់ទៅ គេហដ្ឋានរៀងៗខ្លួនវិញហើយ ។