បណ្តាញសង្គម

ឃាត់ខ្លួន អ្នកកត់កន្ទុយលេខ ៤ នាក់ និងវត្ថុតាង នៅបាត់ដំបង

បាត់ដំបង៖ ក្រុមប៉ូលិសបង្ការបង្ក្រាប ខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំង កត់លក់កន្ទុយ លេខឆ្នោតខុសច្បាប់ ចំនួន ៤កន្លែង បានឃាត់ខ្លួន អ្នកលក់កត់ កន្ទុយលេខឆ្នោតខុសច្បាប់ ប្រុសស្រី ៤នាក់ និងវត្ថុតាងមួយចំនួន នៅក្នុងក្រុងបាត់ដំបង។ ហេតុការណ៍នោះ ត្រូវបានប៉ូលិសចុះបង្ក្រាប កាល ពីម៉ោង ៣ និង ៥០ នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចទីតាំង កត់កន្ទុយលេខឆ្នោតខុសច្បាប់ ៤កន្លែង ក្នុងក្រុងបាត់ដំបង។

លោក ឈឿង គឹមសុង ប្រធានក្រុមប៉ូលិសបង្ការបង្ក្រាប បានអោយដឹងថា ការបង្ក្រាបនេះ គឺមិនមែនចុះចាប់បង្ក្រាបយក ប្រាក់នោះទេ។ ក្រុមប៉ូលិស បង្ការបង្ក្រាបរបស់លោក គឺមានសុទ្ធតែចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ជូនទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ុណ្ណោះ។ បញ្ហាជំនាញ ចង់ប្រើនិតិវិធីដោះលេង ឬកសាងសំណុំរឿង បញ្ជូនជាសិទ្ធិរបស់ ការិយាល័យជំនាញទេ។

លោក ម៉េង លៀង នាយរងការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាលប៉ូលិស ខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកលក់កត់កន្ទុយលេខ ឆ្នោតខុសច្បាប់ ទាំង ៤នាក់ ដែលឃាត់ខ្លួន ទី១-ឈ្មោះ វឹង លីន ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ទី២-ឈ្មោះលឹម លីន ភេទស្រី អាយុ ៣៥ឆ្នាំ នៅក្នុងផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ទី៣-ឈ្មោះ លន់ សុម៉ាឡី ភេទស្រី អាយុ ២៤ឆ្នាំ នៅផ្ទះល្វែងផ្សារថ្មី១៣មករា ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤-ឈ្មោះលឹម សុង ភេទប្រុស អាយុ ២៧ឆ្នាំ នៅផ្លូវឡាអេទល់មុខភោជនីយដ្ឋានលីឡេង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប៉ូលិសបានដកហូតវត្ថុតាងមានម៉ាស៊ីនហ្វាក់ ចំនួន ១គ្រឿង និងប្រាក់ជាច្រើនលានរៀល និងក្រដាស់កត់កន្ទុយលេខឆ្នោត ជាច្រើនទៀត។ លោកនាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបាត់ដំបង បានបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំង កសាងសំណុំ រឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការបាត់ដំបង ដើម្បីចាត់ការទៅតាមច្បាប់៕

ដកស្រង់ចេញពីគេហទំព័រ CEN