បណ្តាញសង្គម

កងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ​ ឆ្មក់ចូលបង្ក្រាបទីតាំងគ្រឿងញៀន ក្នុងតំបន់ស្មុកស្មាញ ដោយឃាត់បានមនុស្ស៨នាក់​ និងដកហូតម្សៅសថ្លា១៣កញ្ចប់

(ភ្នំពេញ)៖ កម្លាំងកងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផែនអន្តរាគន៍ និងស្តីទីប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះឡោមព័ន្ធទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដែលជាតំបន់ស្មុកស្មាញនៅខាងក្រោយវិហារ ឯក រង្សី ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន បានចំនួន២នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់។

ប្រតិបត្តិការចុះបង្ក្រាប ដែលបានធ្វើឡើងកាលពីវេលាម៉ោង១២៖១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចក្រោយវិហារ ឯក រង្សី ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏បានដកហូតថ្នាំញៀនចំនួន១៣កញ្ចប់ ជាប្រភេទម៉ាកទឹកកកផងដែរ។

លោក ចាន់ ស្លី បានឲ្យភ្នាក់ងារ Fresh News ដឹងថា ដោយមានការណែនាំរបស់ ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យតាមបណ្តាលខណ្ឌនីមួយៗ ត្រូវធ្វើយ៉ាងណាទប់ស្កាត់នៅបទល្មើស និងបង្ក្រាបឲ្យបានចំពោះករណីជួញដូរ និងចែកចាយគ្រឿងញៀន។

ក្រោយមក លោក ចាន់ ស្លី បានដឹកនាំកម្លាំងកងអន្តរាគមន៍ខណ្ឌ ចុះធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនខាងលើនេះ។

ដោយក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន និងជនសង្ស័យចំនួន៦នាក់ទៀត ប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS