បណ្តាញសង្គម

ជនដៃដល់ម្នាក់ចាក់សម្លាប់មនុស្សពីភ្នំពេញ រត់ដល់ខេត្តស្ទេងត្រែង បានពីរសប្តាហ៍ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួន ដើម្បីបញ្ចប់រឿង

(ភ្នំពេញ)៖ ជនដៃដល់ដែលជាជនដៃដល់ចាក់សម្លាប់បុរសម្នាក់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរត់គេចជាង២សប្តាហ៍ ត្រូវបានសមត្ថកិច្ចស្វែងរក រហូតចាប់ខ្លួនបាននៅខេត្តស្ទឹងត្រែង តែជននេះ ក៏សម្រេចចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន ក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនសង្ស័យដែលបានចងកសម្លាប់ខ្លួនឯង ក្នុងករណីឃាតកម្មនេះ មានឈ្មោះ ជឹង នីន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានលោកស្រី ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដីកាលេខ ៣២៦. ចុះថ្ងៃទី១៦ ខែវច្ឆិកា ឆ្នាំ២០១៨ បង្គាប់បញ្ជាឱ្យចូលខ្លួន។

លោកវរសេនីយ៍ត្រី ហូ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧៖៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទែ និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជឹង នីន ពាក់ពន្ធ័ឃាតកម្ម (ចាក់និងវត្ថុចុងស្រួចបណ្តាឱ្យស្លាប់)។

លោកអធិការបន្តថា ករណីនេះបានកើតហេតុ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១៖០០នាទី នៅចំណុចតាមផ្លូវបេតុង មុខការដ្ឋានសំណង់ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន០១នាក់ មធ្យោបាយថ្នើរជើងប្រដាប់ ដោយកាំបិតចុងស្រួច។

ជនរងគ្រោះមានឈ្មោះ ឃុន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងបៀកថ្នាំ មុនកើតហេតុស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខដូចគ្នា ត្រូវបានជនសង្ស័យចាក់នឹងកាំបិតចុងស្រួចបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនិងបានស្លាប់បន្ទាប់ពីបញ្ជូន ទៅសង្គ្រាះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ដើមចមនៃរឿងឃាតកម្មនេះ គឺមុនពេលកើតហេតុ ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១៖0០នាទី ជនរងគ្រោះ និងជនសង្ស័យ ជាកម្មករសំណង់ដូចគ្នាធ្វើការនៅការដ្ឋានសំណង់ ចំណុចកើតហេតុខាងលើបានផឹកស្រាអស់ប្រហែល៥ ទៅ៦ដប នៅផ្ទះ សួន សារឿន ជាកម្មករសំណង់ដូចគ្នា រហូតដល់ម៉ោងប្រហែល២២៖០០នាទី ដោយមានសភាពស្រវឹងជនរងគ្រោះ និងជនសង្ស័យបានមានទំនាស់ពាក្យសម្តី ជាមួយគ្នានៅកន្លែងផឹកស៊ី៕

ដកស្រង់ពី៖FRESH NEWS