បណ្តាញសង្គម

ចោរវាយប្លន់២នាក់ ត្រូវជាប់ខ្នោះនគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីធ្វើសកម្មភាពជាក់ស្តែង

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៤នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូពីអ្នកដំណើរតាមផ្លូវ បណ្ដាលឲ្យជនរងគ្រោះរងរបួសបែកក្បាលយ៉ាងដំណំដេរ៨ថ្នេរ ចំណែកបក្ខពួក២នាក់ទៀត បានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចកែងស្កុបកប់ស្រូវ ផ្លូវជាតិ៤ ក្រុមទី១១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំ៤នាក់នោះស្លៀកពាក់ស៊ីវិល ប្រដាប់ដោយខ្សែក្រវ៉ាត់ មធ្យោបាយធ្វើសកម្មភាពម៉ូតូ២គ្រឿងម៉ាក ហុងដាឌ្រីមសង់សេ១២៥ ស្លាកលេខកំពង់ស្ពឺ 1G-9318 និងមួយគ្រឿងទៀតម៉ាក និច ស្លាកលេខភ្នំពេញ 1FC-7188។

អ្នកដែលត្រូវចាប់ខ្លួននោះជនរួមមាន៖ ទី១-ឈ្មោះ ពែល ណយ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ, ទី២-ឈ្មោះ នឿន ប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិអង្គ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ដោឡែកបក្ខពួក២នាក់ទៀត ដែលគេចខ្លួនរួចម្នាក់ឈ្មោះ ដែន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ និងម្នាក់ទៀតឈ្មោះ ឡុង អាយុ២០ មុខរបរកម្មកររោងចក្រ។ អ្នកទាំង២នាក់ ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

រីឯបុរសដែលជាជនរងគ្រោះឈ្មោះឈួន រស្មី អាយុ២៩ឆ្នាំ មុខរបរបញ្ចូលហ្គាសស្នាក់នៅ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាលខាងមុខ២កន្លែងដេរ៨ថ្នេរ។

នៅមុនពេលកើតហេតុ ពោលក្រោយពេលចប់កម្មវិធីផឹកស៊ីជុំគ្នា, ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GC-1482 ឌុបបងប្អូនចេញពីផ្ទះ ឆ្ពោះទៅកាន់បន្ទាយយោធាកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១កំបូល។

លុះពេលត្រឡប់មកវិញ ជិតដល់ជិតវត្តកំបូល ស្រាប់តែក្រុមជនសង្ស័យទាំង៤នាក់ ជិះម៉ូតូដេញតាមវាយប្លន់ ប៉ុន្តែខណៈនោះជនរងគ្រោះមិនបានឈប់ឡើយ និងបានបន្ថែមល្បឿនរត់គេចខ្លួនកាន់តែលឿន។

រហូតដល់ត្រង់ចំណុចកើតហេតុ ទើបឈប់ហើយត្រូវបានក្រុមជនសង្ស័យទាញខ្សែក្រវាត់ និងដុំថ្មវាយបណ្ដាលឲ្យរងរបួសបែកក្បាល ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ កំពុងល្បាតប្រទះឃើញក៏ឃាត់ខ្លួនបាន២នាក់។

ចំណែក២នាក់ទៀតគេចខ្លួនបាត់ បន្ទាប់មកនគរបាលបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយនាំខ្លួនជនសង្ស័យ ទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS