បណ្តាញសង្គម

បងប្រុសកូនកំលោះ បង្កើតរឿងអុកឡុកកម្មវិធីអាពាហ៍ពិពាហ៍ បង្កឲ្យភ្ញៀវ១៣នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ រឿងជម្លោះបង្កឡើងដោយបងប្រុសកូនកំលោះ ផឹកស្រាក្នុងរោងមិនទាន់អស់ បែរជាចង់ទៅទិញស្រាពីក្រៅមកផឹក ប៉ុន្តែភាគីខាងស្រី ឃាត់មិនឲ្យទៅទិញ បែរជាផ្ទុះហិង្សាផ្អើលពេញរោងការ ខណៈកំពុងទទួលភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស១៣នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ កូនប្រុសរបស់លោក អៀប សាត់ និងអ្នកស្រី ស៊ុ ច្រិប ជាដន្លងខាងកូនក្រមុំលោក គង់ អ៊ូញ និងអ្នកស្រី អ៊ុល សើន ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជម្លោះដែលបង្កឡើងដោយបងប្រុសបង្កើត កូនកំលោះខាងលើនេះ គឺផ្ដើមចេញពីផឹកស្រាមិនទាន់អស់ បែរជាចង់ទៅរកទិញស្រាពីខាងក្រៅ ប៉ុន្តែភាគីខាងកូនក្រមុំមិនឲ្យទៅទិញ ព្រោះស្រានៅច្រើន។

គ្រាន់តែចន្លោះប្រហោង មើលមិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ភាគីខាងបងកូនកំលោះ បានពោលពាក្យបន្តថា ពួកស្រុកស្រែបានតែវាយសម្លាប់ចោល ខណៈនោះភាគីខាងកូនក្រមុំបានឮ ក៏ផ្ទុះហិង្សាកើតឡើងតែម្ដង។

ក្នុងករណីហិង្សានេះ បង្កឡើងដោយភាគីកូនកំលោះមានគ្នីគ្នា៧នាក់ មកពីខាងស្រុកបាកាន៖ ទី១-ឈ្មោះ ម៉ន ម៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ, ទី២-ឈ្មោះ ម៉ន ធីន ភេទប្រុស អាយុ២៦ឆ្នាំ, ទី៣-ឈ្មោះ វណ្ណី ភេទប្រុស អាយុ២០ឆ្នាំ, ទី៤-ឈ្មោះ ថៃ អូន ភេទប្រុស, ទី៥-ឈ្មោះ ហ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ, ទី៦-ឈ្មោះ ឌុក ភេទប្រុស អាយុ២១ឆ្នា និងទី៧-ឈ្មោះ ហូវ ភេទប្រុស អាយុ៣០ឆ្នាំ (រងរបួសធ្ងន់ស្រាលទាំងអស់)។

ចំណែកភាគូខាងកូនក្រមុំ មានគ្នីគ្នាចំនួន៦នាក់៖ ទី១-ឈ្មោះ ហៀង ភេទប្រុស អាយុ២៧ឆ្នាំ, ទី២-ឈ្មោះ អូន ភេទប្រុស, ទី៣-ឈ្មោះ គង់ អ៊ុនស្រី ភេទស្រី អាយុ៧៤ឆ្នាំ, ទី៤-ឈ្មោះ កង់ ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ, ទី៥-ឈ្មោះ គង់ ចេវ ភេទប្រុស អាយុ៥៣ឆ្នាំ និងទី៦-ឈ្មោះ ចេវ ឆ្លូញ ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសធ្ងន់ស្រាលដូចគ្នាទាំងអស់)។

ក្រោយពេលកើតហេតុកម្លាំងនគរបាល បាននាំយកភាគីខាងកូនកំលោះ និងភាគីខាងកូនក្រមុំមកធ្វើការសួរនាំផងដែរ ប៉ុន្តែបានឲ្យទៅព្យាបាលរបួសសិន រង់ចាំបណ្ដឹងពីភាគីខាងកូនក្រមុំ។ នេះបើតាមមន្ត្រីសមត្ថកិច្ចបានបញ្ជាក់បន្ថែម។

ចំពោះករណីនេះ ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ មិនទាន់ដឹងនៅឡើយទេថា ក្រៅពីរងរបួសទាំងសងខាងហើយ ខាងកូនក្រមុំរងការខូចខាតអ្វីខ្លះ ឬមានការបាត់បង់អ្វីទៀត ហើយឈានការប្តឹងផ្ដល់គ្នា យ៉ាងណានោះទេ៕

ដកស្រង់ពី៖FRESH NEWS