បណ្តាញសង្គម

រថយន្តសមត្ថកិច្ច និងអ្នកកាសែត ប្រដេញរថយន្តដឹកឈើបុកគ្នាក្រឡាប់របួសមនុស្ស៤នាក់ រលំផ្ទះមួយខ្នង ខ្ទេចរថយន្ត២គ្រឿង, ឈើនៅតែលួចចេញ តាមប៉ុស្ដិ៍៧ និងច្រករបៀង ក្នុងស្រុកកែវសីមា

(មណ្ឌលគិរី)៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ និងស្រាល ផ្ទះមួយខ្នងរលំ រួមទាំងរថយន្តចំនួន២គ្រឿង បានរងការខូចខាតយ៉ាងដំណំ ដោយសារតែបុកគ្នា ហើយក្រឡាប់នៅក្នុងករណី រថយន្តរបស់សមត្ថកិច្ច និងអ្នកកាសែត៣-៤គ្រឿង បាននាំគ្នាបើកប្រដេញរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដែលធ្វើដំណើរ នៅលើដងផ្លូវជាតិលេខ៦៧ ស្ថិតក្នុងទឹកដីខេត្តមណ្ឌលគិរី ក្នុងទិសដៅយកទៅលក់នៅប្រទេសវៀតណាម។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចគីឡូម៉ែត្រ១៣៦ ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៨នេះ។

អ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តធុនតូចចំនួន៥គ្រឿង របស់សមត្ថកិច្ច និងអ្នកកាសែត បាននាំគ្នាធ្វើសកម្មភាព ប្រដេញតាមពីក្រោយរថយន្តសាំយ៉ុង មួយគ្រឿងដែលមានផ្ទុកឈើប្រណីតពេញ បើកបរក្នុងទិសដៅពីខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមា ក្នុងទិសដៅយកទៅលក់នៅប្រទេសវៀតណាម ដោយចេញតាមច្រករបៀង។ ពេលបើកមកដល់ចំណុចកើតហេតុ រថយន្តកាមរីឆ្លាម និងរថយន្តសាំយ៉ុង ដឹកឈើបានប៉ះទង្គិចគ្នា បណ្ដាលឲ្យរថយន្តសាំយ៉ុងក្រឡាប់ជាច្រើនត្រឡប់ ខ្ទាតចូលទៅក្នុងផ្ទះមួយខ្នង របស់បងប្អូនខ្មែរអ៊ីស្លាម បង្កឲ្យមនុស្សនៅក្នុងផ្ទះម្នាក់រងរបួសធ្ងន់ ចំណែកមនុស្ស នៅលើរថយន្តសាំយ៉ុង ចំនួន៣នាក់ បានរងរបួសធ្ងន់ ស្រាល។

ដោយឡែក ម្ចាស់រថយន្តកាមរីឆ្លាម ដែលគេសង្ស័យថា ជារបស់សមត្ថកិច្ច និងអ្នកកាសែតសហការគ្នាប្រដេញរថយន្តដឹកឈើដើម្បី គាបយកលុយនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ព្រោះក្រោយបង្កហេតុហើយ បានរត់គេចខ្លួនបាត់ តែក្រៅផ្លូវការ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ ដោយគេសង្ស័យថា ជារបស់ឈ្មោះ ណាង។

ចំណែកម្ចាស់រថយន្តសាំយ៉ុងដឹកឈើ ត្រូវបានគេអះអាងថាឈ្មោះ រដ្ឋ ជាកូនរបស់មន្ត្រីយោធាមួយរូបនៅខេត្តក្រចេះ។ សូមបញ្ជាក់ថា នៅខេត្តមណ្ឌលគិរី បច្ចុប្បន្ន សកម្មភាពដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម នៅតែមានដដែល តែភាគច្រើនពួកឈ្មួញមិនប្រើរថយន្ត ធំៗដឹកនោះទេ គឺប្រើរថយន្តតូចៗដូចជា កាមរី រថយន្តសាំយ៉ុងជាដើម ក្រោមរូបភាពឃុបឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចថ្នាក់ក្រោម ហើយជំនួញឈើដឹកទៅ លក់នៅប្រទេស វៀតណាមនេះ ភាគច្រើនគឺដឹកចេញតាមប៉ុស្ដិ៍៧ ណាមលៀ ស្ថិតក្នុងស្រុកពេជ្រាដា និងដឹកពេលយប់រំលងអាធ្រាត្រចេញតាមច្រករបៀងនានារួម ទាំងដឹកចេញតាមដីចំការឯកជន នៅជាប់ព្រំដែនក្នុងស្រុកកែវសីមាផងដែរ។

កន្លងមក អភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង ក៏ធ្លាប់ចេញបញ្ជាឲ្បបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនេះ ឲ្យខាងតែបានផងដែរ តែមន្ត្រីថ្នាក់ក្រោម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពេលខ្លះក៏ភូតថ្នាក់លើវិលក្បុងផងដែរ ពីរឿងបទល្មើសព្រៃឈើនេះ ព្រោះនៅក្នុងទឹកដីខេត្តមណ្ឌលគិរី មានក្រុមជើងកាងរត់ការប៉ាវផ្ដាច់មុខជំនួញឈើដឹក ទៅលក់នៅប្រទេសវៀតណាមនេះ៕

ដកស្រង់ពី៖FRESH NEWS