បណ្តាញសង្គម

រឿងក្ដី ឧកញ៉ា ថៃ សេងឡុង លួចលក់ ភូមិគ្រឹះប្អូនប្រុស បញ្ចប់ត្រឹមសម្រួល

ភ្នំពេញ៖ រឿងក្ដីរបស់ ឧកញ៉ា ថៃ សេងឡុង ដែលត្រូវប្អូនប្រុស ប្ដឹងចោទប្រកាន់ ពីបទលួចលក់ អចលនទ្រព្យ ដែលមានតម្លៃជាង ១០លានដុល្លារ ហើយត្រូវបានតុលាការ សម្រេចចោទប្រកាន់ និងឃុំខ្លួន នោះឥឡូវទំនងជា ត្រូវបានបញ្ចប់ហើយ បន្ទាប់ពី ភាគីពាក់ព័ន្ធ នៅក្នុងរឿងក្ដីខាងលើនេះ ធ្វើការចរចា និងសម្រួលគ្នាដោយ ឧកញ៉ា ថៃ សេងឡុង សុខចិត្ដទិញយក ភូមិគ្រឹះដែលខ្លួនលក់ ប្រគល់មកឱ្យប្អូនប្រុសវិញរួច ហើយប្អូនប្រុសព្រម ដកពាក្យបណ្ដឹង នៅតុលាការរួចមក ។

ប្រភពព័ត៌មានពី តុលាការបានឱ្យដឹងថា ការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងក្ដី ក្រៅប្រព័ន្ធតុលាការ ផ្ដើមចេញពីជម្លោះបងប្អូនឯង ដែលសុទ្ធតែ ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ និងមានកេរ្ដិ៍ឈ្មោះ ខាងលើនេះត្រូវ បានធ្វើឡើងមួយថ្ងៃពេញ នៃថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៤ នេះ នៅសាលាដំបូង រាជធានីភ្នំពេញ តែម្ដង ។
ប្រភពព័ត៌មាន បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោងជាង ៧ព្រឹក កម្លាំងសមត្ថកិច្ច ពន្ធនាគារ បានបញ្ជូន ខ្លួនឧកញ៉ា ថៃ សេងឡុង ទៅកាន់តុលាការ ដើម្បីឱ្យតុលាការ ចាត់ការយោងទៅ តាមសំណូមពរ ពីភាគី ទាំងសងខាង ។ ក្នុងនោះចំណាត់ការត្រូវ បានគេអះអាងថា គឺតុលាការបានបើកផ្លូវ ឱ្យគូភាគីនៃដើម បណ្ដឹង និងភាគីចុងចោទ ធ្វើការចរចា សម្របសម្រួលគ្នា ដើម្បីបញ្ចប់ រឿងក្ដីខាងលើនេះ ។ ការចរចា ប្រព្រឹត្ដ ឡើងតាំងពីព្រឹក រហូតដល់វេលាម៉ោង ប្រមាណជិត ៥ល្ងាច រវាងចុងចោទ ឧកញ៉ា ថៃ សេងឡុង និងដើមបណ្ដឹងឧកញ៉ា ហួត វ៉ាន់ថន ដែលជាប្អូនប្រុស ដោយមានមេធាវីតំណាង ទើបឈានដល់ ទីបញ្ចប់ ដោយប្អូនប្រុស ដែលជាដើមបណ្ដឹង សុខចិត្ដដកពាក្យ បណ្ដឹងចេញ ហើយបងប្រុស ដែលជាចុង ចោទសុខចិត្ដ ចំណាយលុយ ទិញភូមិគ្រឹះ ដែលខ្លួនលួចលក់ យកមកប្រគល់ឱ្យប្អូនប្រុស វិញផងដែរ ។ ក្នុងនោះ  ដោយមាន ការជួយជ្រោមជ្រែង សម្របសម្រួល ពីសាច់ញាតិ និងមិត្ដភក្ដិទៀតនោះ ភាគីដែល ទិញភូមិគ្រឹះពីឧកញ៉ា ថៃ សេងឡុង ក៏បានសុខចិត្ដលក់ ទៅឱ្យម្ចាស់ដើមវិញផងដែរ ។ ប៉ុន្ដែរឿងដែល នៅសល់ចំពោះ ឧកញ៉ា ថៃ សេងឡុង គឺពាក់ព័ន្ធទៅនឹង បណ្ដឹងអាជ្ញា របស់ព្រះរាជអាជ្ញា អមសាលា ដំបូងរាជធានីភ្នំពេញ ដែលបាន ធ្វើការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ដ យោងលើ មាត្រា ២៥៥ នៃច្បាប់ភូមិបាល និងចោទពីបទ លួចលក់អចលនទ្រព្យ អ្នកដទៃយោងតាមក្រម ព្រហ្មទណ្ឌមាត្រា ៣៩១, ៣៩២ ។ ប៉ុន្ដែ ដោយសារតែភាគី ដើមបណ្ដឹងសុខចិត្ដ ដកពាក្យបណ្ដឹង ដើម្បីបញ្ចប់រឿងក្ដីនោះ ចៅក្រម ក៏សម្រេចអនុញ្ញាត ឱ្យឧកញ៉ា ថៃ សេងឡុង ដែលជាចុងចោទ បាននៅក្រៅឃុំ បណ្ដោះអាសន្ន ផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះកម្លាំងនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន ឧកញ៉ា ថៃ សេងឡុង យោងទៅតាម បណ្ដឹងចោទប្រកាន់របស់ ឧកញ៉ា ហួត វ៉ាន់ថន ដែលជាប្អូនប្រុស ពីបទ លួចលក់អចលនទ្រព្យ ដែលគេអះអាងថា ជាភូមិគ្រឹះមាន តម្លៃជាង ១០លានដុល្លារ នៅម្ដុំវិមានឯករាជ្យ ។ នៅថ្ងៃទី១៤ ខែមិថុនា សមត្ថកិច្ច បានបញ្ជូនឧកញ៉ា ថៃ សេង ឡុង ទៅតុលាការ រួចហើយ ត្រូវបានព្រះរាជអាជ្ញាលោក សៀង សុខ សម្រេចធ្វើការចោទប្រកាន់ និង ចៅក្រមលោក អឿង សៀង សម្រេច ធ្វើការឃុំខ្លួន ដើម្បីធ្វើការស៊ើប អង្កេតបន្ដទៀត ។ ក្រោយឃុំខ្លួន បានរយៈពេល ៤ថ្ងៃ ក៏មានការ អន្ដរាគមន៍ ឱ្យមានការសម្របសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការ ដើម្បី បញ្ចប់រឿងក្ដីនេះ ។

ពាក់ព័ន្ធទៅនឹង ព័ត៌មានខាងលើនេះនៅ ល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៤ នេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចធ្វើការទាក់ទង លោកចៅក្រម អឿង សៀង ដើម្បីសាកសួរព័ត៌មានបានឡើយ ។ បើមានព័ត៌មានថ្មី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងធ្វើការចុះផ្សាយបន្ដទៀត ៕

ប្រភព៖ ដើមអម្ពិល

តំណរភ្ជាប់៖ http://www.dap-news.com/2011-06-14-02-39-55/88813-2014-06-18-12-31-29.html