Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

News Update: សមត្ថកិច្ចសម្រេចឃាត់ខ្លួន មេការជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខំឲ្យស្ដ្រីម្នាក់វះកាត់​ និងបង្ខាំងទុកស្ត្រីជាម្តាយទាំងយប់ ព្រោះតែគ្មានលុយថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ

  • បោះពុម្ព

(ភ្នំពេញ)៖ រហូតមកដល់យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពី រដ្ឋមន្ដ្រីសុខាភិបាល បាននិងកំពុងស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ ហើយឈានទៅដល់ការឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខំឲ្យនារីម្នាក់ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដោយសារតែពួកគេ គ្មានលុយបង់ថ្លៃព្យាបាល តាមការកំណត់របស់មន្ទីរពេទ្យនោះ។

មន្ត្រីនគរបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមយប់នេះ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ហើយជនសង្ស័យរូបនេះកំពុងស្ថិតក្នុងការសួរនាំ។ ដោយឡែក សម្រាប់អ្នកផ្សេងទៀត ត្រូវបានដោះលែងវិញ។

យ៉ាងណាក៏ដោយ សម្រាប់លោកស្រី សៀង សុគន្ធ ដែលជាអ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យវ៉ិចតូរៀ ក៏ត្រូវបានមន្ដ្រីធ្វើការសួរនាំផងដែរ ប៉ុន្ដែគ្មានលទ្ធផលនោះទេ ដោយសារតែសួរអ្វីក៏មិនបានដឹង ហើយលោកស្រីក៏ជាអ្នកឈរឈ្មោះឲ្យគេផងដែរ។

ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា រួមទាំងអ្នកសារព័ត៌មាន ដែលបានទៅយកព័ត៌មានផ្ទាល់ និងផ្សាយផ្ទាល់ទាំងយប់ បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។

នៅថ្ងៃដដែលនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ។ សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មន្ទីរពេទ្យ វ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជា របស់លោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ ។

សម្រាប់ហេតុការណ៍នេះ នារីរងគ្រោះបានទៅមន្ទីរពេទ្យអន្តរជាតិវ៉ិតូរៀ ជាមួយម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់។

ភ្លាមៗនោះនារីរងគ្រោះ បាននិយាយថា ខ្លួនគ្មានប្រាក់ទេ បានសុំចេញទៅក្រៅវិញ ថែមទាំងសុំអង្វរទៀត តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះខាងលើ ត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ហើយថែមទាំងមិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង។ ភ្លាមៗនោះខាងមន្ទីរពេទ្យ បានយកក្រដាស១សន្លឹក មិនដឹងថា ជាសរសេរអ្វីខ្លះនោះទេ បានឲ្យម្ដាយរបស់នារីរងគ្រោះ ផ្ដិតមេដៃ។ លុះក្រោយធ្វើការវះកាត់រួច ខាងមន្ទីរពេទ្យបានយកវិក្កយបត្របង់ថ្លៃវះកាត់មកឲ្យគាត់ ដោយអស់ប្រាក់ចំនួន២,០០០ដុល្លារ ថ្លៃពិនិត្យ១០ដុល្លារ ថ្លៃពិសោធន៍៤៦ដុល្លារ ហើយការវះកាត់នេះ មិនទាន់ដឹងថាជាជំងឺអ្វីឲ្យប្រាកដនោះទេ។

ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះ គាត់មានប្រាក់តែ៦០០ដុល្លារទេ សល់ប៉ុន្មានគាត់សុំរំលួស ម្ដង១០០ដុល្លារ តែករណីនេះខាងមន្ទីរពេទ្យមិនព្រមទេ ទាល់តែមាន៥០០ដុល្លារទៀត។

ភ្លាមៗនោះទ្វាររបស់មន្ទីរពេទ្យ ក៏ត្រូវសន្តិសុខ យកច្រវាក់មកចាក់ទ្វារ មិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ។ ក្រោយការវះកាត់ នារីរងគ្រោះបានមានអាការៈឈឺចុកចាប់ខ្លាំង ត្រូវក្រុមគ្រួសារហៅម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋវិញ។

ករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មាន ចុះទៅផ្សាយផ្ទាក់ព្រោងព្រាតផងដែរ៕

ដកស្រង់ពី៖FRESH NEWS