បណ្តាញសង្គម

មន្ដ្រីយោធា វិស្វកម្ម និងប្រពន្ធ ធ្វើទារុណកម្ម លើឈ្នួលបម្រើស្រី អាយុទើប៧ឆ្នាំ យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ ការធ្វើទារុណកម្ម លើឈ្នួលអ្នក បម្រើជាច្រើនករណី នៅក្នុងសង្គមកម្ពុជា ត្រូវបានគេ មើលឃើញថា កើតឡើងរួចមក ហើយ ប៉ុន្ដែថៅកែ ប្រុស-ស្រី ដែលជា អ្នកប្រព្រឹត្ដ ផ្ទាល់វាយធ្វើបាប លើឈ្នួលបម្រើរបស់ខ្លួន ទាំងនោះ ត្រូវបានចាប់ខ្លួន ហើយដាក់ ពន្ធនាគារ ខណៈដែលជន ប្រព្រឹត្ដខ្លះបានរត់គេច ខ្លួននិងទទួលរង ភាពអាម៉ាស់ល្បី សុះសាយ ចំពោះទង្វើដ៏ថោកទាប ខាងលើនេះ ដែល ត្រូវបានទទួល ការរិះគន់យ៉ាងខ្លាំង ពីសំណាក់ មហាជនទូទៅ ជាពិសេសអង្គការ សិទ្ធិមនុស្ស អង្គការក្រៅ រដ្ឋាភិបាល ជាច្រើនផ្សេងទៀត ។

ឥឡូវនេះ ករណីធ្វើទារុណកម្ម លើឈ្នួលបម្រើ ស្រីរបស់ខ្លួន ដែលទើបតែមាន អាយុ៧ឆ្នាំ បានកើតឡើង ម្ដងទៀតហើយ ដែលជន ប្រព្រឹត្ដជាប្ដី គឺជាមន្ដ្រីយោធា អង្គភាពកង វិស្វកម្ម ក្រសួងការពារជាតិ និងប្រពន្ធរបស់ ខ្លួនដែលរកស៊ី បើកហាងលក់ គ្រឿងសង្ហារឹម ព្រមទាំងមាន ទទួលបុកគ្រឹះចាក់សសរគ្រឹះ គ្រប់ប្រភេទ ដែលមានទីតាំង ស្ថិតនៅក្នុងដីឡូត៍ មួយកន្លែង តាមផ្លូវលេខ៧៧បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ការធ្វើទារុណកម្មលើ ឈ្នួលបម្រើស្រី អាយុទើបតែ៧ឆ្នាំ ខាងលើនេះ បានធ្លាយចេញ កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ក្រោយពីរឿងរ៉ាវ វាយដំទាត់ធាក់ទៅលើក្មេង ស្រីរងគ្រោះ ពីសំណាក់ ប្ដី-ប្រពន្ធ ទាំងពីរនាក់ នេះបានកើតឡើង អស់រយៈពេលជាយូរមក ហើយ ប៉ុន្ដែគ្មាននរណាម្នាក់ សូម្បីតែប្រជា ពលរដ្ឋ ដែលនៅក្បែរខាងផ្ទះជនបង្កក៏មិន ហ៊ានរាយការណ៍ ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចនោះទេ ដោយសារតែ ខ្លាចអំណាចនិងបុណ្យ ស័ក្ដិប្ដីប្រពន្ធទាំងពីរនាក់នេះ ពីព្រោះពេល ខ្លះគ្រាន់ តែអ្នកជិតខាងសួរនាំក៏ ត្រូវថៅកែ ប្រុសស្រីនេះទៅស្ដីឱ្យ និងគំរាមគេដែរ ។

ប៉ុន្ដែទង្វើព្រៃផ្សៃ និងថោកទាបបែបនេះ មិន បានលាក់បាំង យូរនោះឡើយ ហើយពេល នេះ បានផ្ទុះឡើងដោយមិន ចាំបាច់ប្រកែក នោះទេ ពីព្រោះស្លាកស្នាម ជាំ ដំបៅ និងរបួស ពេញខ្លួនប្រាណពី ចុងជើងដល់ក្បាល បាន បង្ហាញយ៉ាងជាក់ ទៅលើក្មេងស្រីរូបនេះ ។ អាជ្ញាធរមូលដ្ឋាន បាននិយាយថា បុរស ជាប្ដីឈ្មោះ វ៉េង វីណា អាយុ ៣៣ឆ្នាំ មុខរបរ ជាមន្ដ្រីយោធា នៅអង្គភាពកងវិស្វកម្ម ក្រសួង ការពារជាតិ និងប្រពន្ធ ឈ្មោះ ជៀម ស្រីដួង អាយុ៣០ឆ្នាំ ។

ក្រោយពីទទួលបានព័ត៌មាន នៃការធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃស្ទើរជា រៀងរាល់ថ្ងៃ ទៅលើក្មេងស្រីជា ឈ្នួលបម្រើ អាយុ៧ឆ្នាំ រូបនេះ និងក្រោយការបញ្ជាពី សំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រួចមក នៅវេលាថ្ងៃត្រង់ទី២០ ខែមិថុនា ឆ្នាំ២០១៤ អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋាន រួមជាមួយ ប្រជាការពារភូមិ ប្រមាណ១០ នាក់ បានចុះទៅសួរនាំ នៅផ្ទះកើតហេតុ និងសុំមើលស្លាកស្នាម ដែលកើតឡើងលើខ្លួន ប្រាណក្មេង ស្រីរូបនេះ ។

មន្ដ្រីអាជ្ញាធរ មូលដ្ឋាន បាននិយាយថា នៅពេលដែលពួកគាត់ ចុះទៅសួរនាំនោះ ក៏ ត្រូវបានប្ដី និងប្រពន្ធទាំងពីរនាក់ មិនសូវស្វា គមន៍នោះទេ ហើយថែមទាំង គំរាមកំហែង រួចយកទូរស័ព្ទ ថតអាជ្ញាធរ សមត្ថកិច្ច និងម៉ូតូទៀតផង ។

ប្រភពព័ត៌មានពី មន្ដ្រីអាជ្ញាធរ មូលដ្ឋាន មួយរូប បាននិយាយថា ក្មេងស្រីដែលត្រូវ ថៅកែរបស់ខ្លួនវាយធ្វើបាប ស្ទើរជារៀងរាល់ ថ្ងៃនេះ ឈ្មោះ កែន ស្រីយ៉ា អាយុ៧ឆ្នាំ រីឯ បងស្រីរបស់ខ្លួន ម្នាក់ទៀត ឈ្មោះកែន ស្រី ម៉ៅ អាយុ១៥ឆ្នាំ ដែលពួកគេទាំងពីរនាក់ រស់នៅជាមួយថៅកែ ប្រុស ស្រី រួមជាមួយ ឪពុករបស់ខ្លួនឈ្មោះ កែន កន ដែលពូកែផឹក ស្រា ខណៈដែលស្ដ្រី ជាម្ដាយបានរត់ចោល បាត់នោះ ។

ប្រភពព័ត៌មានពីសាក្សី ដែលបានដឹងរឿងនេះ តាំងពីដើមមកនោះបាននិយាយថា រូបភាពវាយតប់ និងធ្វើទារុណកម្ម គ្រប់បែបយ៉ាង បានកើតឡើង ទៅលើក្មេងស្រី កែន ស្រីយ៉ា បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរជាទី បំផុត ។

សាក្សីបានបន្ដទៀតថា រូបភាពនៃការ វាយធ្វើបាបនោះ គឺយកខ្សែភ្លើង ប្រវែងប្រ ហែល១ម៉ែត្រវាយតាំងពី ចុងជើងដល់ក្បាល បណ្ដាលឱ្យបែកហូរឈាម ក្លាយជាដំបៅលើ ដងខ្លួន ហើយពេលខ្លះវាយ រហូតដល់សន្លប់ ពេលខ្លះទៀត យកទៅដល់ឱ្យស្រមោចរោម ហើយពេលខ្លះយកទៅបោះចោលកន្លែងចាក់ សំរាមក៏មានដែរ ។

ប្រភពព័ត៌មានពីសាក្សី ដដែលនេះបាន បន្ដទៀតថា នៅពេលដែលឱ្យ ក្មេងស្រីរូបនេះ បោកខោអាវពីរបីកាធុន មិនស្អាតនោះ បានចាប់វាយ បណ្ដាលឱ្យ រងរបួសយ៉ាង ធ្ងន់ធ្ងរទៀតផង ។ អំពើហិង្សាដ៏ព្រៃផ្សៃ និងសហាវឃោរឃៅ បែបនេះ អ្នកជិតខាង មិនបានរាយការណ៍ ជូនអាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ ព្រោះតែខ្លាច អំណាច ប្ដី-ប្រពន្ធ ទាំងពីរនាក់ ដូច្នេះ មានតែទុកទៅតាមយថាកម្មចុះ។

ក្រោយពីបែករឿង និងធ្លាយព័ត៌មានដ៏ សាហាវឃោរឃៅ ខាងលើនេះ នៅរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤នេះ ក្មេងស្រី រងគ្រោះ និងឪពុករបស់ខ្លួន ព្រមទាំង ប្ដី-ប្រពន្ធ ទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់ ទីស្នាក់ការនគរបាល ប៉ុស្ដិ៍បឹងទំពុន ដើម្បីធ្វើ ការសួរនាំបន្ដទៀត ។

មន្ដ្រីនគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ បានថ្លែងឱ្យ ដឹងថា ក្រោយពីទទួល បានព័ត៌មានខាងលើ នេះរួចមក កម្លាំងនគរបាលជំនាញ ដោយទទួល បទបញ្ជាពីសំណាក់ ស្នងការនគរបាល រាជធានី ភ្នំពេញលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ កម្លាំង នគរបាលបាន ចុះទៅធ្វើកិច្ចការងារនេះ និង បន្ដសាកសួរ ជនទាំងពីរនាក់ ប្ដី-ប្រពន្ធ នៅប៉ុស្ដិ៍ នគរបាលបឹងទំពុន ដើម្បីចាត់ការបន្ដតាម ផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅចង់ ឃើញពីរនាក់ ប្ដី-ប្រពន្ធ នេះ ត្រូវបានសមត្ថ កិច្ចនិងតុលាការចាត់ការ តាមផ្លូវច្បាប់យ៉ាង តឹងរឹងបំផុតដើម្បី ព្រមានដល់ថៅកែ និងអ្នកមានផ្សេងទៀត កុំឱ្យយកគំរូតាម ។

ក្រោយពីការសួរនាំ និងមានភស្ដុតាងជាក់ ស្ដែងនោះ នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ លោក កែវ ធា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោក នឹងបញ្ជូនពីរនាក់ ប្ដី-ប្រពន្ធ នេះទៅកាន់តុលាការចាត់ការ តាមផ្លូវច្បាប់ រីឯក្មេងស្រីរងគ្រោះ ត្រូវបញ្ជូនទៅឱ្យ អង្គការយកទៅចិញ្ចឹម៕

ប្រភព៖ ដើមអម្ពិល