បណ្តាញសង្គម

ឃាត់ខ្លួនរឿងប្រើផ្លាកលេខម៉ូតូក្លែងក្លាយ តែពេលសួរចម្លើយធ្លាយ​ថា ទើបលួចម៉ូតូបានមួយសប្ដាហ៍នៅខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ​

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា កម្លាំងរបស់ការិយាល័យជំនាញ នឹងបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនិតិវិធី នៅថ្ងៃទី១៨ ខែមករានេះ បន្ទាប់ពីឃាត់ខ្លួនសាកសួរជាច្រើនម៉ោងពាក់ព័ន្ធប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយ បែរជាបែកធ្លាយរឿង ធ្លាប់លួចម៉ូតូបានសម្រេច២លើកមកហើយ ក្នុងរយៈពេលត្រឹមតែមួយអាទិត្យប៉ុណ្ណោះ នៅខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបន្ថែមថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថេត រ៉េត អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប តែការស្នាក់នៅមិនពិតប្រាកដខាងលើនេះ ត្រូវបានប្រព្រឹត្តឡើងស្ថិតនៅចំណុចតាមបណ្ដោយផ្លូវសុកហុក ក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា នាវេលាម៉ោង១១៖០០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

លោក ប៊ុន សត្យា បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យយកមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរនេះដែរ គឺពាក់ព័ន្ធរឿងប្រើប្រាស់ ផ្លាកលេខម៉ូតូក្លែងក្លាយ (ផ្លាកលេខភ្នំពេញ1HK-0762 និងផ្លាកលេខកំពង់ចាម1U-9578) ប៉ុណ្ណោះទេ រួមជាមួយម៉ូតូម៉ាក Honda Zoomer-X ពណ៌ស លាយខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខកំពង់ចាម1U-9578 និង១គ្រឿងទៀតម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1HK-0762។

នាយការិយាល័យរូបនេះបានបញ្ជាក់ទៀតថា ក្រោយពីសាកសួរតាមជំនាញជាច្រើនម៉ោង ក្រៅពីពាក់ព័ន្ធផ្លាកលេខក្លែងក្លាយ ជនសង្ស័យបានឆ្លើយសារភាពថា គេបានលួចម៉ូតូចំនួន២គ្រឿង ក្នុងនោះ១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ដោយមិនចាំស្លាកលេខ បានប្រព្រឹត្តនៅចំណុចផ្សារសំរោង ផ្លូវជាតិលេខ៦៨ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី០៩ ខែមករាកន្លងទៅ និង១គ្រឿងទៀតម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1HK-0762 ដែលបានប្រព្រឹត្តនៅចំណុចក្បែរវត្តមិនស្គាល់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចេញពីទីរួមខេត្តកំពង់ធំ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមករា

ដកស្រង់ពី៖FRESH NEWS