បណ្តាញសង្គម

កម្លាំងសមត្ថកិច្ច ខេត្តត្បូងឃ្មុំ ចាប់រថយន្តយីឌុប ដឹកឈើក្រញូង តម្លៃប្រមាណ ១០ម៉ឺនដុល្លារ នៅស្រុកមេមត់

ត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងអាវុធហត្ថ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច និងកម្លាំងរដ្ឋបាល ព្រៃឈើ ដឹកនាំដោយ តំណាងអយ្យការ កាលពីម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧ ចំណុចលើ ទួលខ្នងក្រពើ ឃុំទ្រមូង ស្រកមេមត់ ខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការបង្ក្រាប រថយន្តដឹកឈើក្រញូង មួយគ្រឿង ប្រភេទ យីឌុប៣ផ្លូវ ខណៈកំពុងធ្វើដំណើរ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ឆ្ពោះទៅកាន់ ប្រទេសវៀតណាម ។

មន្ត្រីអាវុធហត្ថស្រុកមេមត់ បានឲ្យដឹងថា រថយន្តដឹកឈើនោះ ប្រភេទយីឌុប ៣ផ្លូវ ពាក់ស្លាកលេខ ២អា .ក្រចេះ ០១០៨ បានបើកពី លិចទៅកើត តាមផ្លូវជាតិលេខ៧ លុះមកដល់ ចំណុចលើទួលខ្នងក្រពើ ក្នុងស្រុកមេមត់ បានជាប់អន្ទាក់ របស់កម្លាំង សមត្ថកិច្ចតែម្តង ។

មន្រ្តីអាវុធហត្ថ ដែលបានឲ្យដឹងទៀតថា ឈើក្នុងរថយន្ត មានប្រភេទឈើ ក្រញូងទម្ងន់១០៨០គីឡូក្រាម និងឈើប្រភេទគ្រាក់ មានទម្ងន់ ២៣០០គីឡូក្រាម ។ ដោយឡែក អ្នកបើកបរ បានរត់គេចខ្លួន ។

ដោយមន្រ្តីនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីទទួលសេចក្តី រាយការណ៍ សំងាត់ថា មានរថយន្តយីឌុប ដឹកឈើក្រញូង ពេញបើកឆ្លងកាត់ទឹកដី ខេត្តត្បូងឃ្មុំ រួចមក ស្នងការនគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ សហការជាមួយកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធចុះពួនស្ទាក់ ហើយឈានទៅដល់ការ ឃាត់រថយន្តនេះតែម្តង ។

មន្រ្តីនគរបាល ដដែលនេះ បានបញ្ជាក់ថា ក្រោយការថ្លឹង និងធ្វើការវាស់វែង រួចមក តម្លៃឈើ ប្រណីតទាំងនេះ មានប្រមាណ១០ម៉ឺនដុល្លារ ឯណោះ។ បច្ចុប្បន្ន វត្ថុតាង បានរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកមេមត់ ដើម្បីកសាងសំណុំរឿង ទៅតាមនិតិវិធី ៕

ប្រភព៖ ដើមអម្ពិល