បណ្តាញសង្គម

សាខាកាំកុងត្រូលខេត្តស្វាយរៀង រកឃើញងៀតបបែលមានសារធាតុគីមីហាមឃាត់មួយចំនួន លក់នៅផ្សារតាពៅ ក្រុងបាវិត

(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារតាពៅ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានធ្វើ Test Kits គំរូបឋមជាច្រើនមុខទំនិញ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីបានរកឃើញ សារធាតុគីមី ដែលដាក់ក្នុងមុខទំនិញងៀតបបែលចំនួន៥គីឡូក្រាម។

ក្រោយរកឃើញ មន្ត្រីបានយកទៅដុតកម្ទេចចោល ក្នុងនោះមន្ត្រីកាំកុងត្រូល ក៏បានពិនិត្យមើលកាលបរិច្ឆេទទៅលើមុខទំនិញ ដែលដាក់តាំងលក់នៅតាមតូបនានាក្នុងផ្សារតាពៅផងដែរ។ ជាមួយគ្នានោះ លោកប្រធានកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ៕

ដកស្រង់ពី៖FRESH NEWS