បណ្តាញសង្គម

ស្រ្តីមេម៉ាយម្នាក់ចិញ្ចឹមកូន៤នាក់ ទទូចសុំយុត្តិធម៌ពីតុលាការកំពូល រឿងចែកទ្រព្យសម្បត្តិជាមួយអតីតប្តី, តុលាការកំពូលនឹងប្រកាសសាលដីកានៅថ្ងៃទី៣១ ខែមករា

(ភ្នំពេញ)៖ ស្រ្តីមេម៉ាយម្នាក់ដែលបច្ចុប្បន្នកំពុងចិញ្ចឹមកូនចំនួន៤នាក់ បានសុំទទូចដល់តុលាការកំពូល ជួយផ្តល់យុត្តិធម៌ជូនគាត់ រឿងប្តឹងចែកទ្រព្យសម្បត្តិជាមួយអតីតប្តី ក៏ព្រោះតែករណីនេះ លោក អ៊ុក សាវុធ អគ្គមហាអយ្យការ នៃសាលាឧទ្ធរណ៍ បានចេញអធិបញ្ជាឲ្យចោទប្រកាន់លើជនជាប់ចោទអតីតប្តីរួចទៅហើយ ក្នុងករណីក្លែងឯកសារសៀវភៅស្នាក់នៅ។

សម្រាប់ករណីនេះ កាលពីពេលកន្លងទៅ លោក ថាន់ ឡេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចសលើកលែងបទចោទលើជនជាប់ចោទ លើជនជាប់ចោទឈ្មោះ ង៉ែត សំណាង ហៅថា សី សុន (អតីតប្តី)។ ជននេះបានប្រព្រឹត្តិបទល្មើសក្លែងឯកសារសៀវភៅស្នាក់នៅ ក្នុងបំណងមិនចែកទ្រព្យសម្បត្តិដល់អតីតប្រពន្ធ ខណៈឯកសារនេះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បញ្ជាក់ថា មិនមាននៅក្នុងគល់បញ្ជីឡើយ។ នេះបើយោងតាមរបាការណ៍របស់នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលបានកសាងបញ្ជូនទៅតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ។

តាមដំណើរឿង កន្លងមកអតីតប្តីប្រពន្ធរវាងលោក ង៉ែត សំណាង ហៅ សី សុន និងលោកស្រី អ៉ីវ ស្រ៊ឺ មានទីលំនៅផ្ទះលេខ៩៣ ផ្លូវលេខ៤៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ហើយបានបង្កើតទ្រព្យរួមចូលគ្នា រួមមានដី និងផ្ទះឡូតិ៍លេខ៤៨ និងដីឡូតិ៍លេខ៩៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទល់មុខគ្នា ដោយមានការបញ្ជាក់ដឹងឮពីលោកមេភូមិ លោកចៅសង្កាត់ និងលោកអភិបាលខណ្ឌចំការមន តាមបែបបទរដ្ឋបាលគ្រប់គ្រង របស់អាជ្ញាធរមូលដ្ឋាន យ៉ាងច្បាស់លាស់បំផុត។

ប៉ុន្តែក្រោយមក ភាគីប្តីប្រពន្ធនេះរស់នៅមិនចុះសម្រុងជាមួយគ្នា ក៏បានប្តឹងលែងលះគ្នា និងប្តឹងសុំរបែងចែកទ្រព្យសម្បត្តិរួមជាពីរចំណែកស្មើរៗគ្នា នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ហើយក្នុងអំឡុងពេលនោះ ក៏ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចសេចក្តីប្រកាសសាលក្រម បែងចែកទ្រព្យសម្បត្តិរួម របស់អតីតប្តីប្រពន្ធទាំងពីរនាក់ ជាពីរចំណែកស្មើរៗគ្នា។ ប៉ុន្តែពេលនោះឈ្មោះ ង៉ែត សំណាង មិនព្រមក៏ប្តឹងឧទ្ធរណ៍ លើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។

ពេលនោះហើយដែលឈ្មោះ ង៉ែត សំណាង បានទៅបង្កើតឯកសារសៀភៅស្នាក់នៅថ្មីមួយផ្សេងទៀត ដាក់ឈ្មោះសមាជិកគ្រួសារ ដោយយកឈ្មោះខ្មោចម្នាក់ឈ្មោះ មាស ស្រីវីន មកធ្វើជាប្រពន្ធជំនួសឈ្មោះ អ៉ីវ ស្រ៊ឺ តែធាតុពិតមកដល់ពេលនេះ គ្មានអត្តសញ្ញាណពិតប្រាកដរបស់បុគ្គលឈ្មោះ មាស ស្រីវីន ឡើយទោះជាស្លាប់ ឬក៏នៅរស់ក៏ដោយ មនុស្សគ្រប់រូបត្រូវតែមានប្រវត្តិ នៃការរស់នៅច្បាស់លាស់បំផុត ដូចជា សំបុត្រកំណើត និងអត្តសញ្ញាណបណ្ណជាដើម ហើយបើបុគ្គលនេះស្លាប់ក៏ត្រូវមានលិខិតបញ្ជាក់មរណភាពដែរ។

ផ្តើមចេញពីបញ្ហានេះហើយទើបឈ្មោះ អ៉ីវ ស្រ៊ឺ បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋាននគរបានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យបើកប្រតិបត្តិការស្រាវជ្រាវសារបានរបស់ឈ្មោះ មាស ស្រីវីន ដែលឈ្មោះ ង៉ែត សំណាង យកមកចុះឈ្មោះដាក់ចូលជាសមាជិកគ្រួសារ ក្នុងសៀវភៅស្នាក់នៅ ហើយដាក់ជាភស្តុតាងចូលក្នុងសំណុំរឿងរបស់សាលាឧទ្ធរណ៍ ក៏ត្រូវបានមេធាវីរបស់ឈ្មោះ អ៉ីវ ស្រ៊ឺ ថតចម្លងបានហើយប្រាប់កូនក្តីរបស់ខ្លួន ឲ្យប្តឹងសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យ។ ឆ្លងតាមរឿងរ៉ាវខាងលើនេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បើកការស្រាវជ្រាវហើយសន្មត់ថា ឯកសារសៀវភៅស្នាក់នៅ ដែលឈ្មោះ ង៉ែត សំណាង ប្រើប្រាស់ជាសំអាងហេតុថា មានឈ្មោះ មាស ស្រីវីន ជាប្រពន្ធនោះ គឺមានតម្រុយក្នុងអំពើក្លែងឯកាសារពិតប្រាកដមែន ដោយហេតុថាមិនមានវត្តមានឈ្មោះ មាស ស្រីវីន មកបំភ្លឺ និងបង្ហាញខ្លួន ឲ្យសមត្ថកិច្ចបានស្គាល់ច្បាស់ឡើយ ហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រុងភ្នំពេញ។

ដោយមានតឹកតាងបែបនេះនៅដំណាក់កាលតំណាងអយ្យការ គឺលោកព្រះរាជអាជ្ញារងម្នាក់ បានសម្រេចចោទប្រកាន់ឈ្មោះ ង៉ែត សំណាងពីបទក្លែងឯកសារសាធារណៈ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ តាមអធិបញ្ជាររបស់លោក អ៊ុក សាវុធ អគ្គមហាអយ្យការអមសាលាឧទ្ធរណ៍។

ប៉ុន្តែនៅតំណាក់កាលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសម្រេចលើកលេងបទចោទលើឈ្មោះ ង៉ែត សំណាង ចោលទាំងស្រុង ដោយមិនបានពិចារណាលើវត្តមានឈ្មោះ មាស ស្រីវីន នោះថាពិតជាសមាជិក ក្នុងសៀវភៅស្នាក់នៅដែលឈ្មោះ ង៉ែត សំណាង បានបង្កើតឡើង ថាជាប្រពន្ធនោះពិតជាត្រឹមត្រូវ ហើយមានអត្តសញ្ញាណច្បាស់លាស់ឡើយ។

ដោយសារភាគីឈ្មោះ អ៉ីវ ស្រ៊ឺយល់ឃើញថា ការលើកលែងបទចោទលើឈ្មោះ ង៉ែត សំណាង ពីសំណាក់លោកចៅក្រម ទើបឈ្មោះអ៉ីវ ស្រ៊ឺ បានពឹងពាក់មេធាវីដាក់ពាក្យប្តឹងឧទ្ធរណ៍ លើដីកាសម្រេចរបស់លោកចៅក្រម ថាន់ ឡេង តែត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់ដីកា លើកលែងចោទរបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។

ពេលនោះស្រ្តីឈ្មោះ អ៉ីវ ស្រ៊ឺ ក៏បានប្តឹងសារទុក្ខ លើសាលដីការរបស់សាលាឧទ្ធរណ៍ទៅតុលាការកំពូល។ សំណុំរឿងនេះត្រូវបានតុលាការកំពូល បើកសវនាការកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ហើយគ្រោងប្រកាសជាសារធារណៈនៅថ្ងៃទី៣១ ខែមករា ឆ្នំា២០១៩ដដែលនេះ។

អ្វីជាក្តីសង្ឃឹមរបស់ឈ្មោះ អ៉ីវ ស្រ៊ឺ នោះគឺរូបនាងមានជំនឿជឿជាក់ថា លោក ឌិត មុន្ទី ប្រធានតុលាការកំពូលប្រាកដជាជួយផ្តល់ភាពយុត្តិធម៌ ជូនរូបគាត់ជាស្រ្តីមានផ្ទៃពោះ មានចិញ្ចឹមកូនប្រុសស្រី៤នាក់ សុទ្ធសឹងជាក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី។

ម្យ៉ាងទៀតស្រ្តីឈ្មោះ អ៉ីវ ស្រ៊ឺ ក៏បានសម្តែងការថ្លែងអំណរគុណ លើលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលធ្លាប់បានផ្តល់ភាពយុត្តិធម៌ ដល់រូបគាត់លើសំណុំរឿងមួយនេះ តាមរយៈលិខិតសុំអន្តរាគមន៍ របស់គាត់ទៅកាន់លោករដ្ឋមន្ត្រី។

លោកស្រី អ៉ីវ ស្រ៊ឺ សង្ឃឹមថា តុលាការកំពូលដែលជាតុលាការជាន់ខ្ពស់នៃកម្ពុជា និងផ្តល់យុត្តិធម៌ជូនរូបគាត់ ដោយបង្វិលសំណុំរឿងខាងលើនេះ ទៅសាលាឧទ្ធរណ៍ដើម្បីជនុំជម្រះសារថ្មីម្តងទៀត ស្របតាមនីតិវិធី។

យ៉ាងណាក៏ដោយ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីភាគីខាងអតីតប្តីបាននោះទេនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ៕

ដកស្រង់ពី៖FRESH NEWS