Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រួសាររងគ្រោះភ្លើងឆេះតូបលក់ចាប់ហួយ​ និងគ្រឿងសំណង់ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

  • បោះពុម្ព

(ពោធិ៍សាត់)៖ គ្រួសាររងគ្រោះ ភ្លើងឆេះតូបលក់ចាប់ហួយ និងគ្រឿងសំណង់ រួមទាំងឃ្លាំងប្រេង ត្រូវបានលោក វ៉ាន់ ហ៉ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់លំនៅឋាន ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ផ្តល់ជូនគ្រួសាររងគ្រោះ រួមមាន៖ អង្ករ៥០គីឡូក្រាម, តង់១, កន្ទេល១, ឃីត១កញ្ចប់ (មានមុង ភួយ សារុង ក្រមា), ទឹកស៊ីអ៉ីវ១យួរ, សម្ភារៈប្រើប្រាស់ផ្ទះបាយ, និងថវិកា២០ម៉ឺនរៀល។

លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចូលរួមសម្តែងការសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលបណ្តាលមកពីអគ្គិភ័យ បានឆាបឆេះរាលមួយប៉ប្រិចភ្នែក។ លោកបានថ្លែងថា បន្ទាប់ពីទទួលបានដំណឹងនេះ លោក ម៉ៅ ធនិន ប្រធានកិត្តិយសសាខា និងលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារ ចុះនាំយកអំណោយមនុស្សធម៌ មកចែកជូនដល់គ្រួសាររងគ្រោះ បានដោះស្រាយ និងប្រើប្រាស់បានមួយគ្រា។

លោកនាយកប្រតិបត្តិ បានថ្លែងទៀតថា បើទោះជាអំណោយនេះ តិចតួចយ៉ាងណាក្តី មិនសាកសម និងទំហំនៃការខូចខាត ក៏ប៉ុន្តែនេះ ជាការជួយរំលែកទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះ ជាពិសេសស្របទៅ តាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗ មិនប្រកាន់អំពីពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ជាក់ស្តែងដូចជា ករណីអគ្គិភ័យនេះជាដើម បណ្តាលឲ្យបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ជាសក្ខីភាពស្រាប់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ មានករណីអគ្គិភ័យមួយ បង្កឡើងដោយកូនម្ចាស់ផ្ទះជក់បារីមិនប្រយ័ត្ន ក៏បណ្តាលឲ្យឆេះរាល ឃ្លាំងស្តុកប្រេងម៉ាស៊ូត តូបលក់ចាប់ហួយ និងគ្រឿងសំណង់ ព្រមទាំងសម្ភារមួយចំនួនធំរួមមាន៖ បន្ទប់ស្តុកម៉ាស៊ូតធ្វើអំពីថ្ម ប្រក់សង្ក័សីប្រវែង ១០ គុណ១២ម៉ែត្រ, ម៉ាស៊ូត ៥ពុយ ស្មើនឹង១,០០០លីត្រ, រថយន្ត Nissan មួយគ្រឿង, គោយន្ត កន្ត្រៃមួយគ្រឿង, សម្ភារគ្រឿងសំណង់៦០ ទៅ៧០% គិតជាទឹកប្រាក់ជាង៣ម៉ឺនដុល្លារ។

ប្រភពពីអធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ទីតាំងនោះ ជាកម្មសិទ្ធិរបស់ឈ្មោះ ផុន ផល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ផុន សុភា (ហៅច្រិប) អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋ បានឲ្យដឹងថា អគ្គិភ័យនេះ គឺកើតឡើង ដោយសារកូនម្ចាស់ផ្ទះ ជក់បារីនៅកន្លែងស្តុកប្រេងម៉ាស៊ូត តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ៕