បណ្តាញសង្គម

ប្រជាពលរដ្ឋ ឃាត់គ្រឿងចក្រ កាយដីលប់ មាត់ត្រពាំងខ្ចង អាជ្ញាធរធ្វើមិនដឹង

ត្បូងឃ្មុំ៖ អាជ្ញាធរស្រុកពញាក្រែក នាំគ្នាអង្គុយពាក់វ៉ែនតាខ្មៅ ធ្វើមិនដឹង យ៉ាងរំភើយ មើលប្រជាពលរដ្ឋ ចំនួន២ភូមិ ចុះឃាត់គ្រឿងចក្រ ដែលកំពុងធ្វើសកម្មភាព កាយដីលប់មាត់ត្រពាំង ដែលជា សម្បត្តិសាធារណៈរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធឯកជន នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ ចំណុចត្រពាំងខ្ចង ស្ថិតក្នុងភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្រុមប្រជាពលរដ្ឋមកពីភូមិ២ គឺ ភូមិឡ និងភូមិត្រពាំងខ្ចង ចំនួន៣៧០គ្រួសារ បានលើកគ្នាមកតវ៉ា និង ឃាត់គ្រឿងចក្រ បញ្ឈប់សកម្មភាព កាយដីលប់មាត់ត្រពាំងខ្ចង ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវម្ចាស់ឈ្មោះ ខៃ ហាច អះអាងថា ជាដីកម្មសិទ្ធរបស់ខ្លួន ហើយមានប្លង់កម្មសិទ្ធ ទទួលស្គាល់ពី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសគឺភូមិបាល ស្រុកពញាក្រែកតែម្តង ។ ការតវ៉ារបស់ ប្រជាពលរដ្ឋក្នុងបំណង រក្សាទុកផ្ទៃត្រពាំងទាំងមូល ដែលជាអាងស្តុកទឹក ដ៏សំខាន់ សម្រាប់យកទឹកទៅ ស្រោចស្រពលើផ្ទៃដីស្រែ រាប់រយហិចតារបស់ ប្រជាពលរដ្ឋទាំង២ភូមិ ម៉្យាងវិញទៀតទុកសម្រាប់ ប្រជាពលរដ្ឋទូទៅ ដែលធ្លាប់អាស្រ័យផល លើត្រពាំងខ្ចងនេះតាំងពី យូរយាណាស់មកហើយ ។

ពួកគាត់ បានបញ្ជាក់ទៀតថា ការតវ៉ានៅឆ្នាំ២០១៣ម្តង ឥលូវឆ្នាំ២០១៤នេះ យើងនាំគ្នាទប់ស្កាត់ម្តងទៀត ហើយសូមអំពាវនាវ ដល់អាជ្ញាធរ ឃុំ ស្រុក ជួយអន្តរាគមន៍ ដោះស្រាយជូន ពួកគាត់ផង ។ ភាគីខាងម្ចាស់ដី អ្នកស្រី ខៃ ហាច បានអះអាងថា ដីខ្លួនមាន ប្លង់កម្មសិទ្ធ ទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ សូមឲ្យជួយរកយុត្តិធម៌ ឲ្យកាត់ផង ។

ដោយឡែក លោក ហម សាំ មេឃុំវាលម្លូ បានបញ្ជាក់ថា រឿងនេះកាត់បានដឹង ហើយលោក បានរាយការណ៍ជូនទៅ លោកអភិបាលស្រុករួចដែរ ចំណាត់ការខាងស្រុក បានចេញលិខិត ផ្អាកសកម្មភាពគ្រឿងចក្រ រង់ចាំការដោះស្រាយសិន ។ពាក់ព័ន្ធនឹង ការផ្តល់ប័ណ្ណកម្មសិទ្ធ គឺខាងភូមិបាលស្រុក គេអ្នកចុះវាស់វែង និង ជាអ្នកកសាងប័ណ្ណកម្មសិទ្ធ។ លោកមេឃុំ បានបញ្ជាក់ទៀតថា ម្ចាស់ដី ខៃ ហាច បានទិញពីម្ចាស់ដើម ដែលគេកាន់កាប់ យូរឆ្នាំមកហើយ រីឯការស៊ីញេទទួលស្គាល់ របស់លោក អភិបាកស្រុក គាត់មិនដឹងថា ដីនេះជាដីត្រពាំងទេ គាត់ថា ដីនេះជាដីផលិតកម្ម កសិកម្ម ។

គួរបញ្ជាក់ផងដែរ ដីត្រពាំងខ្ចង ស្ថិតក្នុង ភូមិ ឃុំ ខាងលើ រីឯប្រជាពលរដ្ឋ ទាំង២ភូមិខាងលើ ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែកដូចគ្នា ប៉ុន្តែអាស្រ័យ ផលទឹកធ្វើស្រែ គឺយកទឹកចេញពី ត្រពាំងខ្ចងតាំងពីដូនតា មកម្លេះ អាស្រ័យហេតុនេះ ទើបពួកគាត់តវ៉ាដើម្បី រក្សាផ្ទៃត្រពាំងទាំងមូល ជាអាងស្តុកទឹកផង និងរក្សាកុំឲ្យបាត់ កេរដំណែលដូនតាផងដែរ ៕