បណ្តាញសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីទទួលផលចោរកម្ម​

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធតហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ មុនឃាត់ខ្លួនដំបូងឡើយ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ សេង ចិត្រ្តា ដែលជាជនរងគ្រោះ បានបាត់រថយន្ត០១គ្រឿង ម៉ាក TOYOTA MATRIX ព័ណ៌ទឹកមាសស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ2AF-2402 ដោយបានចតទុកក្រោមសំយ៉ាបផ្ទះ ហើយមិនបានយកប័ណ្ណសំគាល់រថយន្ត ប័ណ្ណបើកបរ និងសោរចេញពីរថយន្តនោះទេ រួចចូលទៅក្នុងផ្ទះសម្រាកធម្មតា ក្រោយពេលភ្ញាក់ពីដំណេកមកវិញ ទើបជនរងគ្រោះដឹងថា រថយន្តខ្លួនត្រូវបានចោរលួចបាត់។

លុះដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញរថយន្តរបស់ខ្លួន នៅចំណុចផ្លូវ១៨២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានជនសង្ស័យ០២នាក់ កំពុងបើកក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ។

ក្នុងនោះជនសង្ស័យទី១៖ ឈ្មោះ ហ៊ន ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ និងទី២៖ឈ្មោះ គ្រៀល ថុន ភេទប្រុស អាយុ៣៩ឆ្នាំ។ ក្រោមវិធានការ នៃការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេបានសារភាពឲ្យដឹងថា មុនសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ឈ្មោះ ហ៊ន ហាក់ បានចូលលេងល្បែងស៊ីសងនៅណាហ្កាវើល ហើយបានជួបបុរសម្នាក់ អាយុប្រហែល៣០ឆ្នាំ ដែលកំពុងលេងល្បែងនៅណាហ្កាដូចគ្នា បន្ទាប់មករូបគេទាំង០២នាក់ បានយករថយន្ត០១គ្រឿង ម៉ាក TOYOTA MATRIX ព័ណ៌ទឹកមាសស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ2AF-2402 ទៅដាក់បញ្ចាំនៅហាងបញ្ចាំមួយកន្លែង មានទីតាំងនៅផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាក់១,០០០ដុល្លារ ហើយបុរសនោះបានឲ្យប្រាក់មកខ្លួន៥០ដុល្លារ។

ជនសង្ស័យបានបន្ដថា បន្ទាប់មកបុរសនោះទូរស័ព្ទឲ្យរូបខ្លួនយកប្រាក់៥០០ដុល្លារបន្ថែមទៀត តែរូបខ្លួនបានប្រាប់ថា ទាល់តែលួសរថយន្តនោះ ហើយទៅបញ្ចាំកន្លែងផ្សេងទើបបាន មួយសន្ទុះក្រោយមកស្រាប់តែមានបុរស០២នាក់ ជិះម៉ូតូឌុបយកលុយមកឲ្យខ្លួន១,១០០ដុល្លារ ដើម្បីលួសយករថយន្តនោះមកវិញ។ ក្រោយពេលលួសរថយន្តនោះបានរូបគេ និងឈ្មោះ គ្រៀល ថុន បានជិះរថយន្តនោះទៅហាងបញ្ចាំមួយកន្លែងទៀត លុះដល់ចំណុចផ្លូវលេខ២៥៧ កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រូបគេទាំង០២នាក់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនតែម្តង៕

ដកស្រង់ពី៖ Fresh news