បណ្តាញសង្គម

រថយន្ដដឹកថ្មដាច់ហ្វ្រាំង ចុះចំណោទនៅម្ដុំស្រុកកំពង់សីលា ខេត្តព្រះសីហនុ បុករះរថយន្ដ៤គ្រឿង បណ្ដាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

(ព្រះសីហនុ)៖ រថយន្ដបែនដឹកថ្មមួយគ្រឿង ដាច់ហ្វ្រាំងនៅពេលចុះចំណោទ បានបុករះរថយន្ដ៤គ្រឿងផ្សេងទៀត បណ្ដាលមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ស្នងការរងនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា បានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើ បង្កឡើងដោយរថយន្តបែនដឹកថ្ម០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ធំ3A-1369 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកោះកុង ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើរថយន្តដាច់ហ្រ្វាំង ចុះចំណោទក៏ជ្រុលទៅបុករថយន្ដ៤គ្រឿង ផ្សេងទៀតតែម្ដង។

បើតាមលោកស្នងការរងរូបនេះ បានបញ្ជាក់ថា រថយន្ដដែលខ្ទេចខ្លាំងជាងគេ ម៉ាក CRV ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-2821 បើកបរដោយឈ្មោះ សុទ្ធ រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានអ្នករួមដំណើរចំនួន០២នាក់ ប្រពន្ធ និងកូន ប៉ុន្ដែមុនពេលកើតហេតុប្រពន្ធ និងកូនបានចុះទៅទិញរបស់សម្រាប់ហូប មិនបាននៅក្នុងរថយន្តទេ។

ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់អ្នកបើករថយន្ដ CRV និងរងរបួសធ្ងន់ អ្នកបើកបររថយន្ត HYUNDAI ហើយបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ បច្ចុប្បន្នទាំងរថយន្តបង្ក និងរថយន្ដរងគ្រោះ សមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីដោះស្រាយតាមច្បាប់៕

 

 

 

 

 

 

ដកស្រង់ពី៖FRESH NEWS