បណ្តាញសង្គម

កម្លាំងនគរបាលខេត្ដកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម

(កំពង់ចាម)៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីបទល្មើសនេសាទខុសច្បាប់ កម្លាំងនគរបាលខេត្ដកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (ឧបករណ៍ឆក់) មួយករណី នៅចំណុចក៏ស្តួច ស្ថិតក្នុងភូមិឥន្ទេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ ដឹកនាំដោយអធិការនគរបាលស្រុកកំពង់សៀម ដោយមានការចង្អុលបង្ហាញពីលោក ប៊ិន ឡាដា អភិបាលស្រុក បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (ឧបករណ៍ឆក់) នៅចំណុចក៏ស្តួច ស្ថិតក្នុងភូមិឥន្ទេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។

បើតាមលោកស្នងការ ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ទូកចំនួន០១គ្រឿង, ម៉ាស៊ីន ចំនួន០១គ្រឿង, អាគុយ ចំនួន០៣, អួនឆក់ត្រី ចំនួន០១វង់ និងកូនត្រីចម្រុះ ចំនួន៣០គីឡូក្រាម។

ប៉ុន្ដែក្នុងនោះ ជនសង្ស័យចំនួន០៥នាក់ទៀត បានរត់គេចខ្លួនបាត់ ដោយទី១៖ ឈ្មោះ ឃឿង រី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិឥន្ទេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម, ទី២៖ឈ្មោះ បុល អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ចំណែកឯជនសង្ស័យ០៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។

ចំពោះសម្ភារវត្ថុតាងដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបានយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ បណ្តោះអាសន្នដើម្បីធ្វើការស្រាវជ្រាវ កសាងឯកសារ និងសំណុំរឿងតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS