បណ្តាញសង្គម

ឃើញសង្សារតែងខ្លួនស្អាតសុំថើប ចៃដន្យញាតិខាងស្រីមកទាន់ ប្តឹងសមត្ថកិច្ចថាជាករណីប៉ុនប៉ងរំលោភ

(ព្រះវិហារ)៖ ជារឿងមួយដែលយុវជនគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន ព្រោះដរាបណាមិនទាន់ក្លាយជាប្តីរបស់គេពេញច្បាប់ទេ យើងនៅតែជាជនសង្ស័យគ្រប់ពេលវេលា ប្រសិនបើខាងស្រីមានចេតនាចង់ចាប់ទោសកំហុសរបស់យើងនោះ។

ជាក់ស្តែងយុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឃាត់ខ្លួននាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ យោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារី ដែលជាសង្សារបស់ខ្លួនចោទថា ប៉ុនប៉ងចាប់រំលោភ។

បើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក រួន យ៉េត អធិការនគរបាលស្រុកត្បែងមានជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះថា មុនពេលកើតហេតុជនសង្ស័យ និងនារីរងគ្រោះបាននិយាយទូរស័ព្ទជាមួយគ្នា ពេលនោះនារីរងគ្រោះបានប្រាប់ជនសង្ស័យឱ្យមកផ្ទះបងរបស់ខ្លួន លុះពេលជនសង្ស័យមកជួបឃើញនារីរងគ្រោះ ដែលជាសង្សាស្លៀកពាក់តុបតែងខ្លួនស្អាតបម្រុងទៅហូបការគេ ជនសង្ស័យក៏សុំថើបមួយ តែចៃដន្យបងប្អូននារីរងគ្រោះមកទាន់ ក៏ចោទថាជនសង្ស័យប៉ុនប៉ងចាប់រំលោភប្អូនស្រី រួចប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។ លោកអធិការស្រុកបានបន្តថា រវាងជនសង្ស័យ និងនារីរងគ្រោះ គឺបានស្រឡាញ់គ្នារាប់ខែមកហើយ។

ជនសង្ស័យមានឈ្មោះ រិន ប៊ុនធឿន អាយុ២២ឆ្នាំ ចំណែកនារីរងគ្រោះឈ្មោះ វ៉ាត ជីវ៉ា អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នាភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ទាក់ទងនឹងករណីនេះ ក៏សូមសំណូមពរផងដែរដល់យុវជនគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន ហើយក៏សំណូមពរដល់អាណាព្យាបាលខាងស្រី បើសិនជាកូនស្រឡាញ់គ្នាហើយ គួរតែគិតគូរៀបចំតាមបំណងឱ្យគ្នាទៅ កុំឱ្យមានវិប្បដិសារីទាំងសងខាងទៅថ្ងៃក្រោយ។

បើតាមការឱ្យដឹងពីលោកអធិការនគរបាលស្រុកត្បែងមានជ័យ ករណីថើបសង្សារ ហើយត្រូវខាងស្រីប្តឹងថា ប៉ុនប៉ងចាប់រំលោភខាងលើនេះ ត្រូវបានបញ្ចប់ហើយ ដោយភាគីខាងប្រុសបង់ប្រាក់ចំនួន ២លានរៀល៕

ដកស្រង់ពី៖FRESH NEWS