បណ្តាញសង្គម

ឃាត់ខ្លួន ជនសង្ស័យ២នាក់ ពីបទលួងលោមអូសទាញ ឲ្យលក់ក្រលៀន

ភ្នំពេញ៖ ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ជាបន្តបន្ទាប់ ពីបទអំពើលក់ដូរមនុស្ស (លួងលោមអូសទាញ ឲ្យលក់ក្រលៀន) និងបទសុំឲ្យផ្ដល់ឯកសារ ដោយទុច្ចរិត។

យោងតាមរបាយការណ៍ របស់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា កាលពីវេលា ម៉ោង២០ និង១៥នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ដោយមាន ការបញ្ជាពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ការិយាល័យ បានសហការជាមួយ ជនរងគ្រោះ ចុះធ្វើការឃាត់ខ្លួន ជនប្រព្រឹត្ត ល្មើសម្នាក់ឈ្មោះ ញ៉ែម អាស៊ីសាស់ ហៅស៊ីនួន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៧ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ មុខរបរលក់កាហ្វេ ពីបទអំពើលក់ដូរមនុស្ស (លួងលោមអូសទាញ ឲ្យលក់ក្រលៀន) និងបទសុំឲ្យ ផ្ដល់ឯកសារ ដោយទុច្ចរិត ឃាត់ខ្លួន នៅតាមបណ្ដោយ ផ្លូវលេខ៦A សង្កាត់ ជ្រោយចង្វា ខណ្ឌឫស្សីកែវ យកមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ។

ផ្អែកតាមការបំភ្លឺ របស់ជនរងគ្រោះ និងចម្លើយសារភាព របស់ឈ្មោះ ញ៉ែម អាស៊ីសាស់ ហៅស៊ីនួន នៅវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ការិយាល័យ ក៏បានឃាត់ខ្លួន ជនប្រព្រឹត្តល្មើសម្នាក់ទៀត ឈ្មោះ ញ៉ែម ផល្លា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៧ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅពេល ជនប្រព្រឹត្តល្មើស មកជួបកូនដែលជា ជនប្រព្រឹត្តល្មើស នៅការិយាល័យ។

បច្ចុប្បន្ន ការិយាល័យ កំពុងកសាងសំណុំរឿង បញ្ជូនជនប្រព្រឹត្តល្មើស ទាំង០២នាក់ ខាងលើទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ បន្ដតាមនីតិវិធី។ ចំណែកជនរងគ្រោះ ចំនួន០៣នាក់ ប្រុស (នីតិជន) ប្រគល់ជូនក្រុមគ្រួសារ។ សូម បញ្ជាក់ថា តម្លៃលក់ក្រលៀន គឺចាប់ពី១០០០០ ដុល្លារទៅ ១៣០០០ដុល្លារ ហើយជនរងគ្រោះ ត្រូវជនល្មើសធ្វើ ឯកសារប្ដូរឈ្មោះ ដើម្បីទៅជា សាច់ញាតិ របស់អ្នកជំងឺ ទើបអាចប្ដូរបាន៕


ប្រភព៖ គេហទំព័រ កោះសន្តិភាព