បណ្តាញសង្គម

Klopp ​និទាន​រឿង​ប៉ះ Real Madrid ​៥​ឆ្នាំ​មុន ​លើក​ទឹក​ចិត្ត Liverpool ​យក​ឈ្នះ Barca ​យប់​នេះ​

សង្គ្រាមលើវាលស្មៅដ៏ជក់ចិត្តរវាងក្រុម Liverpool និង Barcelona ជើងទី២ ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងលេងនៅម៉ោង២រំលងអាធ្រាត្រនេះហើយ។ ដោយសារតែជើងទី១ ចាញ់ ៣- ០ ហើយនោះ ក្រុម Liverpool ពិតជាត្រូវធ្វើការធ្ងន់ខ្លាំង ទើបអាចឡើងវគ្គបន្ដទៀតបាន។

ទន្ទឹមគ្នានឹងសម្ពាធធំនៅនឹងមុខនេះ លោក Klopp បាននឹកឃើញរឿងកាលពីឆ្នាំ២០១៤ គ្រាដែលលោកនៅដឹកនាំក្រុម Dortmund លេងនៅ Champions League នេះដូចគ្នា។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយប្រាប់ទៅកីឡាករ Liverpool ទាំងអស់ថា នៅឆ្នាំ២០១៤នោះ លោកដឹកនាំ Dortmund លេងទល់ក្រុម Real Madrid នៅ UCL ហើយជើងទី១នៅអេស្ប៉ាញ ក៏ចាញ់ ៣-០ ដូច្នេះ។

ក្រោយពីចាញ់នេះហើយ នៅជើងទី២ Klopp បានប្ដូរទម្រង់លេង និងកីឡាករមួយចំនួន រហូតលទ្ធផលប្រកួតជើងទី២នេះ ល្អមើលខ្លាំង ហើយអាចឈ្នះអធិរាជសបាន ២-០ វិញទៀត។ ការប្រកួតនោះ ត្រូវបានអ្នកចាត់ការពូកែលេងទឹកមុខយល់ថា Dortmund គួរតែឈ្នះច្រើនគ្រាប់ជាងនេះ មិនសមត្រឹម២-០ឡើយ។ ការនិយាយលើករឿងនេះឡើង គឺដើម្បីលើកទឹកចិត្តក្រុម Liverpool វិញ កុំឱ្យអស់សង្ឃឹម ព្រោះអ្វីក៏អាចកើតឡើងបានដែរ។ ដូចគ្នានេះ លោក Klopp ក៏បន្ថែមដែរថា សម័យនោះប៉ះ Real Madrid ខណៈដែលបច្ចុប្បន្នប៉ះ Barcelona ដូច្នេះការប្រកួតនឹងខុសគ្នា៕

ដកស្រង់ពីៈ Sabay