បណ្តាញសង្គម

PNN​ បើក​សករាជ​ថ្មី​ ម្ចាស់​ខ្សែក្រវាត់​មាស​ទទួល​រង្វាន់​១ម៉ឺន​ដុល្លារ​

ស្ថានីយទូរទស្សន៍ PNN បើកសង្វៀនថ្មីចាប់ពីថ្ងៃទី១២ ខែឧសភា ២០១៩ នេះហើយ ប្រជុំជើងខ្លាំងកម្ពុជា៨រូប ដណ្ដើមខ្សែក្រវាត់មាស និងទទួលបានប្រាក់រង្វាន់ដល់ទៅ ១ម៉ឺនដុល្លារទៀតផង។

តាមការបង្ហាញរបស់អ្នករៀបចំកម្មវិធីសង្វៀន PNN បញ្ញាក់ថា អ្នកប្រដាល់ជើងខ្លាំងកម្ពុជា៨រូប រួមមាន ឃីម ឌីម៉ា ឡៅ ចិត្រា សុខ សាវិន លន បញ្ញា កូយ ឡាយ ធន់ មករា ឡុង ជិន សារឿន ចាន់ នឹងត្រូវតតាំងជាមួយកីឡាករថៃ៨ ក្នុងរូបមន្តចាញ់ធ្លាក់ ឈ្នះឡើងដោយគ្មានសន្សំពិន្ទុឡើយ។

រៀងរាល់ខែ កីឡាករកម្ពុជា២រូប នឹងត្រូវប្រកួតជាមួយកីឡាករថៃ២រូប ហើយអ្នកឈ្នះនឹងត្រូវឡើងប្រកួតជាដណ្ដើមខ្សែក្រវាត់ប្រាក់ប្រចាំខែទល់និងអ្នកឈ្នះដូចគ្នា។ បន្ទាប់ពីរកឃើញម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤នាក់ ពួកគេនឹងត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាសតែម្ដង។

ចំណែកលោក ម៉ិល កាដូ តំណាងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានម្សិលមិញនេះ លើកឡើងដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់របស់សង្វៀន PNN នេះរយៈពេលត្រឹម៤ខែ អាចទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១ម៉ឺនដុល្លារ ដូច្នេះកីឡាករកម្ពុជាទាំងអស់ត្រូវតែខិតខំឲ្យមែនទែន។

កីឡាករត្រូវគោរពបទបញ្ជានៃកម្មវិធី ត្រូវរក្សាទម្ងន់ឲ្យបានត្រឹមត្រូវ ហ្វឹកហាត់ត្រៀមខ្លួនឲ្យបានល្អ ខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព។ រំលឹកដែរថា សង្វៀនទូរទស្សន៍ PNN នឹងផ្ដើមបើកការប្រកួតរបស់ខ្លួនជាថ្មីវិញហើយ ចាប់ពីថ្ងៃអាទិត្យ ទី១២ ខែឧសភា ២០១៩នេះតទៅ។

សម្រាប់គូដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមនោះមិនទាន់ប្រកួតនៅថ្ងៃបើកឆាកចុងសប្ដាហ៍នេះទេ ប៉ុន្តែមានគូអន្តរជាតិជំនួសវិញគឺ រឿង សោភ័ណ្ឌ ប៉ះ Pongsiri Por. Siripong ខណៈ ឡុង សំណាង ប៉ះ Pektang Kiatpontip៕

ដកស្រង់ពី៖ Sabay