បណ្តាញសង្គម

ទួនប៉េ និយាយយ៉ាងណារវាង សុខ ធី និង Rodtang ក្នុងកម្មវិធី ONE

មិនទាន់ចប់ទេរឿងអ្នកប្រដាល់ ទួនប៉េ នោះទេ ប៉ុន្តែមិនមែនទាក់ទងទៅនឹងការប្រកួតរបស់គេជាមួយ សូត្រ ប៊ុនធី នោះឡើយ គឺចំណាប់អារម្មណ៍ទៅលើការប៉ះគ្នារវាង សុខ ធី និងកីឡាករជួរមុខរបស់ថៃ Rodtang នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ កម្មវិធី One Championship។អ្នកប្រដាល់មកពីខេត្តបុរីរាំ ខាងលើនេះបានឲ្យដឹងថា ប្រហែល៥ឆ្នាំមុនខ្លួនក៏ធ្លាប់ប្រកួតជាមួយ Rodtang ដែរប៉ុន្តែលទ្ធផលចាញ់ពិន្ទុ។

បើនិយាយពីសមត្ថភាព Rodtang វិញ ទួនប៉េ លើកឡើងថាកីឡាករថៃរូបនេះ គឺល្អគ្រប់ស្នៀតទាំងអស់ កម្លាំង កែង ជង្គង់ ទាត់ និងចិត្តក៏មុតថែមទៀតផង។ងាកមកនិយាយពី សុខ ធី ឬស្រុកថៃហៅថា កាកា នេះវិញ ម្ចាស់ពានរង្វាន់ ISI កាលពីថ្ងៃអាទិត្យមុនខាងលើនេះ យល់ឃើញថា នៅខ្ចីជាង Rodtang ទាំងរាងកាយ និងស្នៀតប្រយុទ្ធ។

ទួនប៉េ បញ្ជាក់ទៀតថា បើ សុខ ធី ខំប្រឹងប្រែងហ្វឹកហាត់គឺអាចទប់ទល់ ឬប្រកួតបាន ដាច់ខាតត្រូវតែហាត់ឲ្យខ្លាំង។ អ្នកប្រដាល់និយាយខ្មែរបានបន្តិចបន្តួចរូបនេះ មិនហ៊ាននិយាយថា Rodtang អាចវ៉ៃ សុខ ធី ឲ្យសន្លប់នោះឡើយ ព្រោះប្រដាល់ភ្លាត់គឺចាញ់។

ប៉ុន្តែភាគរយរវាងអ្នកទាំងពីរ គឺ Rodtang សង្ឃឹមច្រើនជាង។បច្ចុប្បន្ននេះ សុខ ធី និងលោកគ្រូ សាន់ សៅយ៉ាន់ រួមនិងលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ កំពុងនៅឯប្រទេសថៃហើយ ដើម្បីចូលរួមការប្រកួតនៅសង្វៀន One Championship នាថ្ងៃទី១០ ឧសភា ២០១៩ ខាងមុខនេះ។ សុខ ធី និងត្រូវប៉ះជាមួយជើងខ្លាំងរបស់ថៃ Rodtang លើប្រភេទទម្ងន់ Flyweight(៥៦,៨ - ៦១,២គីឡូក្រាម)៕