បណ្តាញសង្គម

ម្ចាស់ក្លឹប Angkor Tiger ដាក់គោលដៅ៣ឆ្នាំលើកពានលីគ ១០ឆ្នាំប្រជែងក្រុមក្នុងតំបន់

លោក Akihiro Kato ប្រធានក្លឹប Angkor Tiger បានដាក់គោលដៅ៣ឆ្នាំមុខនេះ លើកពានរង្វាន់លីគកំពូលកម្ពុជាឱ្យបាន និង១០ឆ្នាំទៀតត្រូវមានសមត្ថភាពប្រជែងក្រុមក្នុងតំបន់អាស៊ាន។លោក Kato បានទិញក្រុម Tiger នៅឆ្នាំ២០១៥ ហើយរយៈពេល៤ឆ្នាំមកនេះ លោកចំណាយប្រាក់អស់ជាច្រើនដើម្បីទ្រទ្រង់ក្រុម និងអភិវឌ្ឍពីមួយរដូវកាលទៅមួយរដូវកាល។

សម្រាប់រដូវកាលថ្មីនេះ Angkor Tiger កំពុងក្លាយខ្លួនជាក្រុមមានការគាំទ្រច្រើនជាងគេ ក្រោយពីជ្រើសរើសយកកីឡដ្ឋានស្វាយធំ នៅខេត្តសៀមរាបធ្វើជាទឹកដីរបស់ខ្លួន។លេងនៅក្នុងដីរាល់ប្រកួត តែងតែមានអ្នកគាំទ្រទៅទស្សនាច្រើនៗមែនទែន ខុសប្លែកពីការប្រកួតក្រុមធំៗផ្សេងទៀតនៅរាជធានីភ្នំពេញ ដែលមិនសូវមានអ្នកចូលរួមទស្សនានោះទេ។

សម្រាប់គម្រោងរបស់ក្លឹបមានម្ចាស់ជាជនជាតិជប៉ុននេះ គឺនឹងប្រើរយៈពេល៣ឆ្នាំទៅមុខទៀត លើកពានរង្វាន់លីគកំពូលកម្ពុជានេះឱ្យបាន។ ខណៈដែល Tiger នឹងប្រើពេល១០ឆ្នាំខាងមុខទៀត ដើម្បីធ្វើឱ្យក្រុមនេះ មានសមត្ថភាពអាចប្រជែងជាមួយក្លឹបដទៃទៀតក្នុងតំបន់ ដូចជានៅថៃ និងវៀតណាម៕