បណ្តាញសង្គម

Juventus ត្រៀម​លក់​កីឡាករ​៥​នាក់​ចេញ ប្រមូល​លុយ​ទុក​ទិញ Pogba

ក្លឹបសេះបង្កង់ Juventus កំពុងត្រៀមលក់កីឡាករ៥នាក់ ដើម្បីប្រមូលលុយសម្រាប់ទិញ Pogba ដែលមានតម្លៃខ្លួន១៥០លានផោន។តាមការចុះផ្សាយពីសារព័ត៌មានប្រទេសអ៊ីតាលី Corriere dello Sport បាននិយាយថា ខ្សែបម្រើរបស់ Manchester United វ័យ២៦ឆ្នាំបានយល់ព្រមត្រលប់មកកាន់ Juventus វិញ។

ប្រភពដដែលបន្តថា ប្រសិនបើលោក Maurizio Sarri ចូលមកកាន់ Juventus កីឡាករ៥រូបរួមមាន Mario Mandzukic, Douglas Costa, Joao Cancelo, Juan Cuadrado និង Mattia Perin នឹងចាកចេញពីកីឡដ្ឋាន Allianz Stadium។

ខ្សែការពារស្ដាំ Joao Cancelo វ័យ២៥ឆ្នាំកំពុងមានការទាក់ទងពីក្លឹបនៅទីក្រុង Manchester ទាំងពីរគឺ City និង United។ ចំណែក Douglas Costa ធ្លាប់ត្រូវបាន United ចាប់អារម្មណ៍កាលពីពាក់កណ្ដាលរដូវកាលកន្លងទៅ។

Pogba ធ្លាប់លេងឡើងជើងខ្លាំងបំផុតអំឡុងពេលលេងនៅ Juventus មុនពេលចាកចេញទៅកាន់បិសាចក្រហមកាលពីឆ្នាំ២០១៦ ក្នុងតម្លៃ៩០លានផោន។ត្បិតតែមានការចង់បាន Pogba ទៅវិញ តែលោក Ed Woodward ដែលជានាយកប្រតិបត្តិរបស់ Man Utd នៅតែរំឭកថា Pogba មិនមែនសម្រាប់លក់ទេ៕